មហាសេដ្ឋី Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft បានទទួលរងការខាតបង់ដ៏ធំបំផុតមិនធ្លាប់មាន ពោលគឺបានធ្លាក់ខ្លួន មកឈរនៅបាតតារាងនៃបញ្ជីឈ្មោះកំពូលអ្នកមានបំផុតលើលោក។
យោងតាមារចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា ការធ្លាក់តំណែងរបស់មហាសេដ្ឋីអាមេរិក គឺជាការធ្លាក់ចុះមកដល់ចំណុចទាបបំផុតមួយ តាំងពីទសវត្សឆ្នាំ១៩៩០ ខណៈបច្ចុប្បន្ននេះលោកកំពុងស្ថិតនៅលេខរៀងទី០៩ ជាមួយទ្រព្យសម្បត្តិប្រហែល ១២៨ពាន់លានដុល្លារ។
ជុំវិញការធ្លាក់ចុះនៃទ្រព្យសម្បត្តិរបស់លោក Bill Gates គឺដោយសារមួយរយៈចុងក្រោយនេះ លោកតែងតែធ្វើសប្បុរសធម៌មិនដែលខាន ពោលគឺចំនាយអស់ប្រហែល ៥៩ពាន់លានដុល្លារ ដើម្បីបរិច្ចាគទឹកប្រាក់ទៅកាន់មូលនិធី Bill & Melinda Gates Foundation។
ចំណែកឯមូលហេតុមួយទៀត គឺការលែងលះជាមួយអតីតភរិយាកាលពីឆ្នាំ២០២១ ដែលធ្វើឲ្យទំហំទ្រព្យសម្បត្តិរបស់លោក ត្រូវបែកចែងទៅកាន់អតីតភរិយា ប្រហែលពាក់កណ្ដាលឯណោះ។
សូមជម្រាបដែរថា Bill Gates ធ្លាប់ជាបុគ្គលមួយរូប គ្រងម្កុដជាមហាសេដ្ឋីមានបំផុតលើលោករយៈពេលរាប់ឆ្នាំ ក៏ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយលោកបានត្រឹមឈរនៅចំណុច Top 5 ប៉ុណ្ណោះ ខណៈកាលពីខែមុនបានធ្លាក់មកដល់លេខរៀងទី០៧ ហើយថ្មីៗនេះបន្តធ្លាក់ដល់លេខរៀងទី០៩ ថែមទៀត៕