លោកអ្នកឧកញ៉ា ៣រូប បានអញ្ជើញទៅទស្សនាផ្ទាល់ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌

ជុំវិញ​ឧកញ៉ា

លោកអ្នកឧកញ៉ា ៣រូប ក្នុងចំណោមលោកអ្នកឧកញ៉ាចំនួន៧រូប ដែលទើបទទួលបានគោរមងារជា «លោកអ្នកឧកញ៉ា» កាលថ្មីៗនេះគឺ លោកអ្នកឧកញ៉ា លី យ៉ុងផាត់, លោកអ្នកឧកញ៉ា ភាព ហៀក និងលោកអ្នកឧកញ៉ា លាង ឃុន បាន​អញ្ជើញ​ទៅទស្សនាផ្ទាល់ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមអធិបតីភាព​សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាគ្រូបង្វឹកកិត្តិយសក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football Super Stars) បាន​បញ្ជាក់​ឱ្យដឹង​លើ​ទំព័រហ្វេសប៊ុក​ថា ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន» និងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា​នេះ បានបញ្ចប់ដោយបរិយាកាសសប្បាយរីករាយបំផុត ដែលមានបងប្អូនប្រជាពលរដ្ឋទៅទស្សនាផ្ទាល់ប្រមាណជាង ៣ម៉ឺននាក់។

ក្នុងចំណោមអ្នកអញ្ជើញទៅទស្សនាផ្ទាល់​ជាង ៣ម៉ឺននាក់ គេ​ឃើញមានវត្តមាន​ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធាន​សមាគមឧកញ៉ាកម្ពុជា និងជា​សមាជិកព្រឹទ្ធសភា, លោកអ្នកឧកញ៉ា ភាព ហៀក និងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង។ លើសពីនេះ ក៏មានវត្តមាន អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា ឡេង ប្រុស, ឧកញ៉ា លី ឆេង រួមទាំង​ឧកញ៉ា ខេមរៈ សិរីមន្ត ដែលបានអញ្ជើញឡើងច្រៀងចម្រៀងដ៏មានអត្ថន័យ ព្រមទាំង​អ្នកឧកញ៉ា ឧកញ៉ា មួយចំនួនទៀត។

ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាព ជាព្រឹត្តិការណ៍ដ៏សំខាន់ដែលឆ្លុះបញ្ចាំងពីសាមគ្គីភាព ហើយជំរុញប្រជាពលរដ្ឋ​ស្រលាញ់​កីឡា និងជៀសផុតពីគ្រឿងញៀន និងទឹកចិត្តសប្បុរសធម៌ ពិសេសដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាការបង្ហាញឲ្យឃើញពីភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋកម្ពុជាក្រោមម្លប់សន្តិភាព និងស្របទៅតាម​ពាក្យ​ស្លោក «កីឡារស់ក្នុងសន្តិភាព»។

សូមជម្រាបថា អ្នកឧកញ៉ា លី យ៉ុងផាត់, អ្នកឧកញ៉ា ភាព ហៀក និងអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា ចំនួន៤រូប​ទៀត ត្រូវបានព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ប្រោសព្រះរាជទាន​គោរមងារជា “លោកអ្នក​ឧកញ៉ា” កាលពីថ្ងៃ ទី១២ ខែមេសា ឆ្នាំ២០២៤ និងត្រូវបានផ្ដល់កិត្តិយសប្រគល់ជូនផ្ទាល់ដៃ ដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា កាលពីល្ងាចថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ ក្នុងពិធីសន្និបាតប្រចាំឆ្នាំលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារ​សមាគម​ឧកញ៉ាកម្ពុជា នៅសណ្ឋាគារ ហ្គាឌិនស៊ីធី៕