កម្ពុជា ចង់ក្លាយខ្លួនទៅជាមជ្ឈមណ្ឌលប្រមូលផ្តុំសកម្មភាពផលិតគ្រឿងបង្គុំយានយន្ត ខណៈបច្ចុប្បន្នកំពុងដំណើរការរោងចក្រដំឡើងរថយន្ដចំនួន៦

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កម្ពុជាមានចក្ខុវិស័យប្រែក្លាយខ្លួនជា មជ្ឈមណ្ឌលប្រមូលផ្តុំ សកម្មភាពផលិតគ្រឿងបង្ខំយានយន្ត និងបរិក្ខារអេឡិចត្រូនិក សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងសកលលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសអញ្ជើញសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ដែលមានទុកវិនិយោគ៣៧លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ កាលព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាមានរោងចក្រដំឡើងរថយន្ដចំនួន ៦ហើយ ដែលក្នុងនោះ៤កំពុងដំណើរការ និង២កំពុងស្ថិតក្នុងដំណាក់កាលសាកល្បង ដែលមានទីតាំងស្ថិតនៅខេត្តបន្ទាយមានជ័យ, ខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តស្វាយរៀង, ខេត្តកណ្តាល និងរាជធានីភ្នំពេញ។

ជាមួយនេះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា កម្ពុជាមានចក្ខុវិស័យប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលប្រមូលផ្តុំសកម្មភាពផលិតគ្រឿងបង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិក សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងសកលលោក ដែលការសម្រេចបានចក្ខុវិស័យនេះ នឹងនាំមកជាផ្លែផ្កាវិជ្ជមានជាច្រើន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

ហេតុនេះ សម្តេចធិបតី អះអាងថា ដើម្បីសម្រេចបានចក្ខុវិស័យនេះ ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និង អេឡិចត្រូនិកកម្ពុជា បានកំណត់វិធានការគន្លឹះជាអាទិភាពតាមផ្នែកចំនួន ៥ រួមមាន៖ ១. យុទ្ធសាស្រ្ត និងការសម្របសម្រួលអន្តរស្ថាប័ន ២.ធនធានមនុស្ស និងនវានុវត្តន៍ ៣.ហេដ្ឋារចនាសម្ព័ន្ធ ៤.កិច្ចសម្រួលពាណិជ្ជកម្ម និង៥.បរិយាកាសធុរកិច្ច និងការវិនិយោគជាដើម៕ អត្ថបទ៖ រង្សី