Microsoft ​ប្រកាសវិនិយោគខ្ទង់ពាន់លានដុល្លារ លើមជ្ឈមណ្ឌលទិន្នន័យដំបូងក្នុងប្រទេសថៃ

អន្តរជាតិ

ក្រុមហ៊ុន Microsoft កាលពីថ្ងៃពុធ ទី២ ខែឧសភា បានប្រកាសពីការវិនិយោគតម្លៃខ្ទង់ពាន់លានដុល្លារ ក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យដំបូងរបស់ខ្លួន នៅក្នុងប្រទេសថៃ ដើម្បីទាញយកប្រយោជន៍ពីការរីកចម្រើនខ្លាំងនៃបច្ចេកវិទ្យា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញផែនការនេះ ត្រូវបានប្រកាសដោយ ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft លោក Satya Nadella នៅចំពោះមុខក្រុមអ្នកអភិវឌ្ឍ រួមទាំងអ្នកដឹកនាំអាជីវកម្ម និងបច្ចេកវិទ្យាប្រមាណ ២ ០០០ នាក់ នៅក្នុងកម្មវិធី Microsoft Build: AI Day ដែលធ្វើឡើងក្នុងទីក្រុងបាងកក ដោយមានការចូល​រួម​ពី​សំណាក់នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin ផងដែរ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Microsoft បាននិយាយទៀតថាមជ្ឈមណ្ឌលទិន្នន័យដំបូងរបស់ខ្លួន នៅក្នុងប្រទេសថៃនឹងមានទីតាំងនៅច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) ជាមួយនឹងទំហំនៃការវិនិយោគប្រមាណ ១ពាន់លានដុល្លារ ហើយវានឹងក្លាយជាមជ្ឈមណ្ឌលទិន្នន័យមួយក្នុងចំណោមមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុន Microsoft ប្រហែល ៣០០ ផ្សេងទៀត នៅទូទាំងពិភពលោក។

ជម្រាបជូនផងដែរថា Microsoft គឺជាក្រុមហ៊ុនបច្ចេកវិទ្យាចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកដែលប្រកាសពីការប្តេជ្ញាចិត្តដ៏សំខាន់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ Cloud និង AI ជំនាន់ថ្មី នៅក្នុងប្រទេសថៃ បន្ទាប់ពីក្រុមហ៊ុនខ្នាតយក្សអាមេរិកផ្សេងទៀត ដូចជា Amazon Web Services និង Google ផងដែរ៕