ជាប្រធានសមាគមសិល្បករអាណត្ដិថ្មី អ្នកឧកញ៉ា ម៉ៅ ចំណាន នឹងអញ្ជើញសិល្បករចាស់ៗ មានសមត្ថភាព ចូលរួមកែលម្អសមាគមឱ្យរីកចម្រើន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ អាណត្ដិទី៦ ប្រកាសថា នឹងអញ្ជើញសិល្បករ សិល្បការិនី គ្រប់ផ្នែកដែលមានសមត្ថភាព ចំណេះជំនាញ ចូលមករួមចំណែកអភិវឌ្ឍន៍សមាគមឱ្យរីកចម្រើនឡើង។ នេះបើតាមអ្នកឧកញ៉ា ធ្វើបទសម្ភាសន៍ជាមួយអ្នកកាសែតក្រោយពេលជាប់ជាប្រធានសមាគម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា បានលើកឡើងថា ការបេជ្ញាចិត្ដនៅលើវេទិកា មិនមែនជាអ្វីដែលអ្នកឧកញ៉ាចង់បង្ហាញនោះទេ ប៉ុន្ដែអ្វីដែលនឹងបង្ហាញគឺសកម្មភាព និងលទ្ធផលការងារ ដែលធ្វើជាប្រយោជន៍រួមសម្រាប់សិល្បករទាំងអស់គ្នា។

អ្នកឧកញ៉ា ម៉ៅ ចំណាន បន្ដថា ចំពោះសមាគមសិល្បករខ្មែរ មានចំណុចច្រើនដែលត្រូវស្ដារឡើងវិញ ដោយបន្ថែមនូវអ្វីដែលខ្វះខាត ពង្រឹងនូវអ្វីដែលខ្លាំង ហើយត្រូវបង្ហាញឱ្យពិភពលោកបានស្គាល់ថាកម្ពុជា ជាអ្វី។

អ្នកឧកញ៉ាបញ្ជាក់ថា នឹងចាប់ផ្ដើមរុះរើ និងធ្វើឡើងវិញទាំងអស់ ដោយនឹងអញ្ជើញសិល្បករគ្រប់វិស័យដែលមានចំណេះជំនាញ មកចូលរួមសហការ អង្គុយជុំគ្នា ផ្ដុំគំនិតដើម្បីអភិវឌ្ឍន៍ទាំងអស់គ្នា។ បញ្ហានេះមិនមែនមានតែលោកស្រីមួយនោះទេដែលត្រូវដោះស្រាយគឺត្រូវចូលរួមទាំងអស់គ្នា ព្រោះបញ្ហាមានច្រើន។ ជាមួយគ្នានេះ អ្នកឧកញ៉ាក៏បានស្នើសមាសភាពសមាគមចាស់ដើម្បីមកចូលរួមចំណែកសមាគមអាណត្ដិថ្មី ដោយអ្នកចាស់បានត្រួសត្រាយផ្លូវមកយូរហើយ អ៊ីចឹងដឹងច្បាស់ថាផ្លូវណាស្រួលឬលំបាក។

ជាជំហានបន្ទាប់ទៅនេះ អ្នកឧកញ៉ានឹងរៀបចំក្រុមប្រឹក្សាភិបាល សម្រាប់ជជែកវែកញែក បន្ថែមទៀតនោះនឹងបង្កើតជាក្រុមមេធាវី ដោយមានមេធាវីធំៗជាច្រើនដែលបានជួបហើយស្មគ្រ័ចិត្ដជួយដោះស្រាយបញ្ហា វិវាទគ្រប់បែបយ៉ាងដែលប៉ះពាល់ដល់សិល្បករ សិល្បការិនី បើសិនជាគាត់រងនៅអយុត្ដិធម៌ណាមួយ។

ទន្ទឹមនឹងនោះ ទោះបីជាវត្ដមានរបស់អ្នកឧកញ៉ា នៅក្នុងសមាគមសិល្បករខ្មែរ មានការមិនពេញចិត្ដពីសំណាក់សិល្បករ សិល្បការិនីមួយចំនួនក៏ដោយ លោកជំទាវនៅតែរក្សាគោលជំហរ គិតផលប្រយោជន៍រួមតែមួយ ឱ្យសិល្បករ សិល្បការិនីទាំងអស់ ទទួលបានផលប្រយោជន៍ សាកសមជាមួយនឹងតម្លៃដែលគាត់បានលះបង់ និងបង្កើតស្នាដៃគ្រប់បែបយ៉ាងសម្រាប់ដួងព្រលឹងជាតិកម្ពុជា៕