ក្រោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប់ជាប្រធានសមាគមសិល្បករខ្មែរ នៅអាណត្តិទី៦ កាលពីថ្ងៃទី០២ ខែឧសភា ម្សិលមិញនេះ ឧកញ៉ា ហេង ឡុង បានបញ្ចេញសារក្នុងចិត្តដ៏មានអត្ថន័យចំពោះលោកស្រី ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៥ សម្រាប់ការលះបង់ដ៏ធំធេង នាពេលកន្លងមក។
តាមលក្ខន្តិកៈរបស់សមាគមសិល្បករខ្មែរ ការបោះឆ្នោតជ្រើសរើសប្រធានសមាគម គឺត្រូវធ្វើឡើងរៀងរាល់៥ឆ្នាំម្តង ក្នុងមួយអាណត្តិ។ ទោះយ៉ាងណា ក្នុងអាណត្តិទី៥ នាពេលកន្លងមក លោកស្រី ចន ច័ន្ទលក្ខិណា បានកាន់តំណែងយូរជាងគេរហូតដល់ ៧ឆ្នាំ ដោយសារបញ្ហាកូវីដ-១៩ មិនអាចរៀបចំពិធីបោះឆ្នោតជ្រើសរើសប្រធានថ្មី។ លោកស្រី ចន ច័ន្ទលក្ខិណា បានកាន់តំណែងប្រធានសមាគមសិល្បករខ្មែរ តាំងពីឆ្នាំ២០១៧ រហូតដល់ពេលដែលលោកស្រី ប្រកាសលាលែងពីតំណែង កាលខែកុម្ភៈ ឆ្នាំ២០២៤។
លោកឧកញ៉ា ហេង ឡុង បានបង្ហោះសារកោតសរសើរលោកស្រី ចន ច័ន្ទលក្ខិណា នៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ យ៉ាងដូច្នេះថា៖ “បងពិតជាមានមោទនភាព និងសូមកោតសរសើរដោយស្មោះចំពោះការលះបង់ដ៏ធំធេងរបស់អូនក្នុងរយៈពេល ៧ឆ្នាំកន្លងមកនេះ។ ពួកយើងមានសំណាង ដែលមានឱកាសបានរួមចំណែកលើកស្ទួយនៅក្នុងសង្គមសិល្បៈ បានបន្សល់ទុកនូវស្នាដៃនិងកេរ្តិ៍ឈ្មោះជាប្រវត្តិសាស្ត្រសម្រាប់កូនចៅរបស់យើង។ ពិតហើយយើងមិនអាចបំពេញចិត្តមនុស្សគ្រប់រូបបានឡើយ ប៉ុន្តែយើងសប្បាយចិត្តនៅពេលដែលយើងបានធ្វើអំពើល្អ សកម្មភាពមនុស្សធម៌ ដែលនាំមកនូវសន្តិភាពផ្លូវចិត្តពិតប្រាកដ។ ពួកយើងនឹងនៅតែបន្តរួមគ្នាចូលរួមចំណែកជាមួយសង្គមយើង តាមលទ្ធភាព ដើម្បីសេចក្ដីសុខ និងស្នាមញញឹមពីមនុស្សជុំវិញខ្លួន។ ម្នាក់ៗល្អ នឹងទទួលបានសង្គមមួយដ៏ល្អ”។
គួរបញ្ជាក់ថា អតីតតារាសម្តែង លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានសិល្បករ-សិល្បការិនីខ្មែរជាច្រើននាក់ ជឿទុកចិត្ដនិងបោះឆ្នោតជូនក្នុងសំឡេងគាំទ្រ ៥២៧សំឡេង ស្មើនឹង ៩៣% ជាប់ជាប្រធានសមាគមសិល្បករខ្មែរ អាណត្ដិទី៦ ដែលនឹងដឹកនាំសមាគម ចាប់ពីឆ្នាំ២០២៤នេះ រហូតដល់ឆ្នាំ២០២៩៕