ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Alibaba គ្រោងបោះទុនរាប់ពាន់លានដុល្លារ ក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យ នៅក្នុងប្រទេសវៀតណាម ដើម្បីរក្សាទុកទិន្នន័យអ្នកប្រើប្រាស់ ឲ្យស្របទៅតាមច្បាប់របស់ប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។
លោក Dang Minh Tam ប្រធានផ្នែកដំណោះស្រាយនៃក្រុមហ៊ុន Alibaba Cloud បានលើកឡើងថា បច្ចុប្បន្នក្រុមហ៊ុនកំពុងជួលកន្លែងពីបណ្ដាប្រតិបត្តិករមជ្ឈមណ្ឌលរក្សាទុកទិន្នន័យរបស់រដ្ឋដូចជា Viettel និង VNPT ដើម្បីរក្សាទុកទិន្នន័យអតិថិជន នៅក្នុងប្រទេសវៀតណាម។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនក៏៏មានការបម្រុងទុកទិន្នន័យនៅឃ្លាំងម៉ាស៊ីនមេ (Sever) របស់ខ្លួននៅក្នុងប្រទេសផ្សេងទៀតដូចជាឥណ្ឌូណេស៊ី និងសិង្ហបុរីផងដែរ។
ប្រធានផ្នែករូបនេះបានបន្តថា ទោះជាយ៉ាងណាក៏ដោយ នៅទីបំផុតក្រុមហ៊ុនមានគម្រោងសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅក្នុងប្រទេសវៀតណាម ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងនៅក្នុងសេដ្ឋកិច្ច ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់អាស៊ី។
គួរបញ្ជាក់ផងដែរថា តាមរយៈច្បាប់ដែលបានចែងនៅឆ្នាំ២០២២ វៀតណាមតម្រូវឲ្យក្រុមហ៊ុនអន្តរជាតិ រក្សាទុកទិន្នន័យអ្នកប្រើប្រាស់នៅក្នុងប្រទេស ហើយត្រូវបង្កើតការិយាល័យក្នុងស្រុកផងដែរ៕