លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ច្រើនរូប ចូលរួមកម្មវិធីរាត្រីសមោសរ ដើម្បីការងារសង្គមខេត្តព្រៃវែង

ជុំវិញ​ឧកញ៉ា

នៅល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូប បានអញ្ជើញចូលរួមកម្មវិធីរាត្រីសមោសរ ដើម្បីការងារសង្គមខេត្តព្រៃវែង ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង នៅសាលបុរីប៉េងហួត បឹងស្នោ ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីនេះគេឃើញមានវត្តមាន លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា ថៃ ជាហួត, អ្នកឧកញ៉ា ជាម ឃុនណាត, ឧកញ៉ា ហេង ឡុង ព្រមទាំងអ្នកឧកញ៉ា និងឧកញ៉ា មួយចំនួនទៀត។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានមានប្រសាសន៍ថា ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញាថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃគណៈកម្មការរៀបចំកម្មវិធីរាត្រីសមោសរ ដើម្បីការងារសង្គមក្នុងខេត្តព្រៃវែង ដែលបានលះបង់កម្លាំងកាយចិត្ត ក៏ដូចជាពេលវេលាបន្ថែមលើភារកិច្ចស្នូលរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ចាត់ចែង រៀបចំធ្វើឱ្យកម្មវិធីនៅរាត្រីនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យដូចការរំពឹងទុក។

ជាមួយគ្នានេះដែរ លោកក៏សូមថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាជាសប្បុរជនទាំងអស់ ដែលបានចំណាយនូវធនធានផ្ទាល់ខ្លួន ជាថវិកា ក៏ដូចជាសម្ភារៈ ចូលរួមចំណែកកិច្ចការងារសង្គមក្នុងមូលដ្ឋានខេត្តព្រៃវែង តាមរយៈកម្មវិធីរាត្រីសមោសរនេះ។ កាយវិការដ៏សប្បុរសរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នៅពេលនេះ ពិតជាបានបង្ហាញឱ្យឃើញនូវឆន្ទៈ និងស្មារតី ក្នុងការចែករំលែក ប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិទាំងមូល និយាយជារួម និងដោយឡែកសម្រាប់មូលដ្ឋានខេត្តព្រៃវែង។

សកម្មភាពនៃការចូលរួមនេះ ក៏ជាការឆ្លុះបញ្ចាំងឱ្យឃើញនូវស្មារតីសាមគ្គីភាព និងជាការបន្តនូវវប្បធម៌ចែករំលែកដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការធានាបាននូវសង្គមជាតិមួយដ៏រឹងមាំ ប្រកបដោយភាពសុខដុមរមនា៕