ព្រះមហាក្សត្រម៉ាឡេស៊ី គ្រោងយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅបរទេសលើកដំបូង

អន្តរជាតិ

ព្រះមហាក្សត្រម៉ាឡេស៊ី​ Sultan Ibrahim Sultan Iskandar គ្រោងយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋ​នៅបរទេសជាលើកដំបូង តាំងពីទ្រង់ឡើងសោយរាជ្យ ដោយយាងទៅកាន់ប្រទេសសិង្ហបុរី តាមការអញ្ជើញពីប្រធានាធិបតី Tharman Shanmugaratnam។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ទ្រង់ នឹងអមដំណើរដោយម្ចាស់ក្សត្រី Raja Zarith Sofia រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន Anthony Loke និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។

ក្នុងដំណើរទស្សនកិច្ចនោះទៀតសោត ព្រះមហាក្សត្រម៉ាឡេស៊ី នឹងជួបជជែកគ្នាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ដែលជិតផុតអាណត្តិដឹកនាំ និងឧបនាយករដ្ឋមន្ត្រី Lawrence Wong ផងដែរ។

គួររំលឹកបន្តិចថា ព្រះអង្គម្ចាស់ Iskandar ធ្លាប់បានបំពេញទស្សនកិច្ចទៅប្រទេសសិង្ហបុរីម្ដង កាលពីឆ្នាំ២០២២ ដោយកាលនោះទ្រង់នៅមិនទាន់ឡើងសោយរាជ្យជាស្ដេចម៉ាឡេស៊ី ទី១៧ នៅឡើយនោះទេ៕