ក្នុងជំនួបជាមួយមេដឹកនាំចិន ប្រធាន EU ស្នើសុំឲ្យមានការប្រកួតប្រជែងដោយយុត្តិធម៌

អន្តរជាតិ

ប្រធានគណៈកម្មាការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយនាថ្ងៃទី០៦ ខែឧសភាថា លោកស្រីនឹងស្នើឲ្យមានការប្រកួតប្រជែងដោយយុត្តិធម៌បំផុតជាមួយចិន អំឡុងពេលជួបប្រជុំជាមួយប្រធានាធិបតី ស៊ី ជិនពីង ដែលកំពុងស្ថិតនៅប្រទេសបារាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មុនជួបជជែកតទល់ជាមួយមេដឹកនាំកំពូលចិន និងប្រធានាធិបតីបារាំង លោក Emmanuel Macron ប្រមុខ EU បានសង្កត់ធ្ងន់ថា៖ ពួកយើងត្រូវតែធ្វើឲ្យប្រាកដថា ការប្រកួតប្រជែងគឺធ្វើឡើងដោយយុត្តិធម៌ និងមិនឲ្យខូចសណ្ដាប់ធ្នាប់ទីផ្សារជាដាច់ខាត។

ការលើកឡើងបែបនេះពីប្រមុខ EU កើតឡើង បន្ទាប់ពីក្រុមហ៊ុននៅអឺរ៉ុបជាច្រើនមានការរអ៊ូរទាំ ទាក់ទងនឹងការនាំចូលផលិតផលពីចិន ដែលមានតម្លៃទាប និងច្រើនលើសលុប ចូលក្នុងទីផ្សារអឺរ៉ុប ដែលធ្វើឲ្យក្រុមហ៊ុនក្នុងស្រុកជាច្រើន ជួបភាពលំបាកក្នុងប្រជែងជាមួយក្រុមហ៊ុនចិន។

គួរជម្រាបដែរថា កន្លងមកលោកស្រី Ursula von der Leyen ធ្លាប់បានបញ្ជាក់ថា បច្ចុប្បន្នទីផ្សារសហភាពអឺរ៉ុប កំពុងមានអតុល្យភាពជាខ្លាំង ដោយសារការនាំចូលទំនិញពីចិនជាច្រើន ហើយបញ្ហាមួយនេះត្រូវតែដោះស្រាយឲ្យបានឆាប់រហ័សបំផុត៕