មហាសេដ្ឋីបារាំង Vincent Bollore កំពុងពិចារណាសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីនៅប្រទេសបារាំង ចំពេលទីផ្សារកំពុងមានតម្រូវការខ្លាំង។
យោងតាមការចុះផ្សាយពីគេហទំព័រ TheNational បានបង្ហាញថា គម្រោងមួយនេះកំពុងស្ថិតនៅក្នុងការពិចារណា ក៏ប៉ុន្តែបើសិនជាសម្រេចទៅបានមែន អ្នកជំនួញខ្នាតយក្សជនជាតិបារាំងរូបនេះ ចង់ឲ្យការសាងសង់ត្រូវបញ្ចប់ និងបើកដំណើរការរោងចក្រនៅក្នុងឆ្នាំ២០៣០។
គម្រោងមួយនេះផងដែរ ក៏ទំនងទទួលបានកញ្ចប់ជំនួយពីរដ្ឋាភិបាលប្រមាណ ៥៣៤លានដុល្លារ ខណៈទំហំចំណាយគឺត្រូវចាយតិចបំផុតក៏ ២ពាន់លានដុល្លារដែរ ស៊ីសងលើការបំពាក់បច្ចេកវិទ្យា និងសមត្ថភាពផលិតរបស់រោងចក្រ។
សូមជម្រាបដែរថា បច្ចុប្បន្ននេះ រថយន្តអគ្គិសនីគឺជាផលិតផលមួយ ដែលកំពុងទទួលបានការគាំទ្រខ្លាំងទូទាំងសកលលោក ហើយក្នុងនោះតំបន់អឺរ៉ុបហាក់កំពុងជួបភាពលំបាក ដោយសារគូប្រជែងនៅតំបន់អាស៊ី កំពុងនាំមុខខ្លាំង លើការផលិតរថយន្តអគ្គិសនី។
ដូច្នេះហើយទើបមួយរយៈចុងក្រោយ ក្រុមមហាសេដ្ឋី និងអ្នកជំនួញជាច្រើន សុទ្ធសឹងតែសម្លឹងរកមើលឱកាស ហក់ចូលក្នុងវិស័យរថយន្តអគ្គិសនី ដែលកំពុងមានតម្រូវការខ្លាំងបែបនេះ៕