ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង ត្រៀមដាក់ដំណើរការរថភ្លើងល្បឿនលឿនទាំង២ខ្សែ ភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ព្រះសីហនុ ក្នុងពេលឆាប់ៗនេះ

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ខេមបូឌា (Royal Railway Cambodia) ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវដែក និងជាបុត្រសម្ព័ន្ធ​​ក្រុមហ៊ុន រ៉ូយ៉ាល់​ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង កំពុងត្រៀម​ខ្លួន​ដាក់ដំណើរការ​រថភ្លើងល្បឿនលឿន ដែលទើប​ទិញ​ពី​ប្រទេសជប៉ុន​ ម៉ាក Kiha 183 Heavy Snow ​ទាំង២ខ្សែ ភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ព្រះសីហនុ ក្នុងពេលឆាប់ៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការបង្ហាញឱ្យដឹង​ពី​ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ខេមបូឌា កាលដើមខែឧសភា ឆ្នាំ២០២៤​នេះ បាន​ឱ្យដឹងថា ក្រុមហ៊ុន​បាន​និងកំពុង​កែសម្រួល​ និងកែលម្អបន្ថែម​នូវ​​រថភ្លើង​ Kiha 182 Heavy Snow ផ្នែកខាងក្នុងដែលជាប្រភេទ First Class Train។ ក្រុមហ៊ុន បាន​ឱ្យដឹង​ទៀត​ថា រថភ្លើង​ល្បឿនលឿន​​នេះ​ ​​នឹងដាក់ដំណើរការឆាប់ៗ លើផ្លូវដែកទាំងពីរខ្សែ​គឺ​៖

១.ខ្សែអ្នក​ដំណើរភាគខាងជើង៖ ភ្នំពេញ-ពោធ៍សាត់, ភ្នំពេញ-មោងឬស្សី, ភ្នំពេញ-បាត់ដំបង, ភ្នំពេញ-សិរីសោភ័ណ និងភ្នំពេញ-ប៉ោយប៉ែត។

២.ខ្សែអ្នកដំណើរភាគខាងត្បូង៖ ភ្នំពេញ-តាកែវ, ភ្នំពេញ-កំពង់ត្រាច, ភ្នំពេញ-កែប, ភ្នំពេញ-កំពត, ភ្នំពេញ-វាលរេញ និងភ្នំពេញ-ក្រុងព្រះសីហនុ។

សូមជម្រាបថា ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ខេមបូឌា បានទិញ​ក្បាល​​ម៉ាស៊ីន​រថភ្លើង​ល្បឿនលឿន​ចំនួន ១១​គ្រឿង ពី​ប្រទេស​ជប៉ុន ដោយបាន​ដឹក​តាម​កប៉ាល់​ពី​តំបន់​ហុកកៃដូ ​​កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ និងបាន​មក​ដល់​កំពង់ផែ​ក្រុងព្រះសីហនុ កាលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។ រថភ្លើង​ដឹក​អ្នកដំណើរ​ម៉ាក ​Kiha 182 Heavy Snow ​ត្រូវបាន​គេ​ដឹង​ថា អាច​រត់​បាន​ល្បឿន​ដល់ ១១០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង៕