លោកជំទាវ នៅ សូនិតា តំណាងអ្នកឧកញ៉ា ម៉ៅ ចំណាន ដឹកនាំក្រុមការងារសិល្បករខ្មែរ យកថវិកា១លានរៀល ចូលរួមពិធីបុណ្យ៧ថ្ងៃតារាកំប្លែងនាយធុង

ជុំវិញ​ឧកញ៉ា

លោកជំទាវ នៅ សូនិតា តំណាងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារ សិល្បករ សិល្បការិនី នាំយកថវិកាចំនួន ១ ០០០ ០០០ រៀល ដើម្បីចូលរួមពិធីបុណ្យគម្រប់៧ថ្ងៃឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធតារាកំប្លែងលោក ម៉ាត់ ចាន់ថន ហៅនាយ ធុង ដែលបានទទួលមរណភាពកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបុណ្យគម្រប់ខួប៧ថ្ងៃនេះ ប្រារព្ធឡើងនៅគេហដ្ឋានលេខ២៨BT ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។

សមាគមសិល្បករខ្មែរ បានឲ្យដឹងថា លោកជំទាវអ្នកឧកញ៉ាម៉ៅ សំណាន ប្រធានសមាគមសិល្បករខ្មែរ សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារ និងញាតិសារលោហិតទាំងអស់ ដែលបានបាត់បង់កូន និងបងប្អូនជាទីស្រឡាញ់។ម្យ៉ាងវិញទៀត ការបាត់បង់លោក ម៉ាត់ ចាន់ថន គឺជាការបាត់បង់សិល្បករគំរូមួយរូប ដែលតែងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌នានានៅក្នុងសង្គមគួរឱ្យកោតសរសើរនាពេលកន្លងមក។

តាងនាមលោកជំទាវអ្នកឧកញ៉ាប្រធាន និងក្រុមការងារសមាគមសិល្បករខ្មែរ យើងខ្ញុំសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក និងតេជៈបារមីនៃគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយយឹតយោងដួងវិញ្ញាណក្ខន្ធតារាកំប្លែងលោក ម៉ាត់ ចាន់ថន ហៅនាយ ធុង សូមឱ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕