អ្នកឧកញ៉ា ហុង ពីវ អគ្គនាយក បុរីពិភពថ្មី និងជាទីប្រឹក្សាជាន់ខ្ពស់សមាគមឧកញ៉ាកម្ពុជា ជាសប្បុរសជនដែលលេចធ្លោរជាងគេមួយរូប នៅដើមឆ្នាំ២០២៤នេះ ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន សរុបដល់ទៅជាង ២,៥លានដុល្លារ សម្រាប់រួមចំណែកជាមួយរាជរដ្ឋាភិបាលលើកិច្ចការងារសប្បុរសធម៌ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងកាកបាទក្រហមកម្ពុជា។
អ្នកឧកញ៉ា ហុង ពីវ បានចូលរួមឧបត្ថម្ភ ២លានដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការប្រកួតបាល់ទាត់មនុស្សធម៌ របស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។ ការចូលរួមឧបត្ថម្ភរបស់អ្នកឧកញ៉ា ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជា បង្ហើបឱ្យដឹង នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពចូលរួមកម្មវិធីពិសារអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា ក្នុងសន្និបាតប្រចាំឆ្នាំលើកទី១ នៅសណ្ឋាគារហ្គាឌិនស៊ីធី នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។
ទទឹមនឹងនេះ អ្នកឧកញ៉ា ហុង ពីវ បានបរិច្ចាគថវិកាចំនួន ៥០៩,៩៩៩ដុល្លារ ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤។
ដោយឡែក ឧកញ៉ា ហុង ទី ឪពុកបង្កើតរបស់អ្នកឧកញ៉ា ហុង ពីវ នៅក្នុងឱកាសខួបចម្រើនព្រះជន្ម១០០ព្រះវស្សា ឆ្នាំនេះ លោកឧកញ៉ាក៏បានចូលរួមបរិច្ចាគថវិកាចំនួន ១លានដុល្លារជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈ ការប្រកួតបាល់ទាត់មនុស្សធម៌របស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ធ្វើឡើងកាលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិកផងដែរ។
ដូច្នេះជារួម អ្នកឧកញ៉ា ហុង ពីវ បានបរិច្ចាគថវិកាប្រមាណ ២,៥០៩,៩៩៩ដុល្លារអាមេរិក សម្រាប់ជួយកិច្ចការសង្គមជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងកាកបាទក្រហមកម្ពុជា ហើយបើសរុបទាំងឪពុកផងគឺមានចំនួនដល់ទៅជាង ៣,៥០៩,៩៩៩ដុល្លារអាមេរិក៕