អ្នកឧកញ៉ា ហ៊ុន ឡាក់ ដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា អមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ចូលជួបពិភាក្សាការងារជាមួយ លោកអគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា កាល​ព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូ​សមាគមឧកញ៉ាកម្ពុជា អមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមជាមួយនឹងឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងគណៈប្រតិភូកម្ពុជា ចូលជួបពិភាក្សា​ការងារ​ជាមួយ លោក Kunihiko Hirabayashi អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ឬ ASEAN-Japan Centre។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការបញ្ជាក់ពីសមាគមឧកញ៉ាកម្ពុជា ក្នុងជំនួបពិភាក្សា​ខាង​លើ​នេះ ធ្វើឡើង​ក្នុងគោលបំណងពង្រឹង​កិច្ច​សហប្រតិបត្តិការ ក៏ដូចជាបទបង្ហាញអំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ទាំងលើទិដ្ឋភាពច្បាប់ ពន្ធដា និងកត្តាជាច្រើនទៀត ដែលមានភាពបើកចំហ ទាក់ទាញ ក៏ដូចជាងាយស្រួល សម្រាប់ការបណ្តាក់ទុន​វិនិយោគលើ​គ្រប់វិស័យ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានធ្វើបទបង្ហាញ និងពន្យល់យ៉ាងលម្អិតអំពីគោល​នយោបាយ​របស់រាជរដ្ឋាភិបាល លើការធ្វើឱ្យប្រសើរឡើងផ្នែកភ័ស្តុភារកម្ម​ តាមរយៈគម្រោងព្រែកជីក​ហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលនឹងផ្តល់នូវអត្ថប្រយោជន៍ដ៏ធំធេងទាំងលើផ្នែកធារាសាស្ត្រ វារីវប្បកម្ម ជាពិសេសវិស័យពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញដែលអាចផ្តល់នូវផលចំណេញទាំងពេលវេលា និងការចំណាយថ្លៃ​ដើម។ល។

ជាការឆ្លើយតប លោកអគ្គលេខាធិការ​បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ​កម្ពុជា ដែលបានជ្រើសយកប្រទេសជប៉ុនជាគោលដៅនៃបេសកកម្មដ៏ឧត្តុង្គឧត្តមនាពេលនេះ ហើយលោកអគ្គលេខាធិការ បានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា រាជរដ្ឋាភិបាលនីតិកាលទី៧ នឹងទាក់ទាញបាននូវគម្រោងវិនិយោគ​មកពីគ្រប់ទិសទី​ឱ្យកាន់តែមានកំណើនជាលំដាប់។

សូមជម្រាបថា អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា បានទទួលការចាត់តាំងពី លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ដើម្បីដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី៦-១០ ខែឧសភា ឆ្នាំ២០២៤៕