អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង កាលពីពេលថ្មីៗកន្លងទៅនេះ បានទទួលជួបស្វាគមន៍យ៉ាងកក់ក្ដៅ លោក Markus Buerli នាយកការិយាល័យសហប្រតិបត្តិការស្វីស និងភ្នាក់ងារកុងស៊ុលស្វីស ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីស្ថានទូត ក្នុងដំណើរទស្សនកិច្ចផ្លូវការ មកកាន់រោងចក្រក្រុមហ៊ុនផលិតភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស។
ក្រោយបានបង្ហាញពីសាវតាក្រុមហ៊ុន ជីប ម៉ុង និងក្រុមហ៊ុន ពហុពាណិជ្ជកម្មជាច្រើន ដែលកំពុងប្រតិបត្តិការក្នុងចរន្តអាជីវកម្មយ៉ាងរឹងមាំ នៅកម្ពុជា ជូនមន្ត្រីស្ថានទូតស្វីសប្រចាំនៅកម្ពុជា អ្នកឧកញ៉ា លាង ម៉េង ក៏បានរំលេចពីសមិទ្ធិផលលើការបញ្ជូនធនធានមនុស្សយុវជនខ្មែរ ដែលសុទ្ធសឹងតែជា វិស្វករជំនាញបច្ចេកទេស និងបញ្ជាគ្រឿងចក្រស្តង់ដារអន្តរជាតិ ហើយកំពុងតែបម្រើការងារនៅរោងចក្រ ខ្មែរ ប៊ែវើរីជីស ។
អ្នកឧកញ៉ា លាង ម៉េង មានប្រសាសន៍ថា៖ ទោះបីជា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា ប៉ុន្តែកត្តាធនធានមនុស្ស នៅតែមិនអាចកាត់ផ្ដាច់បានឡើយ។ ហេតុដូច្នេះហើយ ទើបថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែចំណាយធនធាន បញ្ជូនបុគ្គលិកខ្មែរយើង ទៅរៀនសូត្រពីអ្នកជំនាញៗអន្តរជាតិ នៅតាមប្រទេសអភិវឌ្ឍន៍ជឿនលឿន ជាពិសេសនៅសហគមន៍អឺរ៉ុបតែម្ដង ក្នុងនោះ ក៏មានប្រទេសស្វីសមួយផងដែរ។
ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះដែរ លោក Markus Buerli ឯកអគ្គរដ្ឋទូតស្វីសប្រចាំកម្ពុជា ក៏បានសម្ដែងនូវការកោតសរសើរពីច្រវាក់ផលិតកម្មក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទាំងស្តង់ដារការផលិត បច្ចេកវិទ្យា គ្រឿងចក្រទំនើបៗ ជាពិសេសធនធានវិស្វករជំនាញខ្មែរ ដែលពិតជាមានសមត្ថភាពពេញលេញ លើការគ្រប់គ្រងច្រវាក់ផលិតកម្មក្នុងរោងចក្រទាំងមូលបានយ៉ាងល្អប្រសើរ និងមានស្តង់ដារកម្រិតពិភពលោកពិតប្រាកដមែន។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាពាណិជ្ជកម្មដ៏លេចធ្លោរមួយ របស់ក្រុមហ៊ុន ជីប ម៉ុង វិនិយោគដោយសហគ្រិនខ្មែរ និងឈរជើងយ៉ាងរឹងមាំក្នុងប្រទេសកម្ពុជា អស់រយៈពេលជាង ៤០ឆ្នាំកន្លងមកហើយ។ តាមរយៈការនាំចូលវត្ថុធាតុដើម គ្រឿងចក្រទំនើបៗពីសហគមន៍អឺរ៉ុប រួមទាំងបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ពិភពលោកជាដើម សុទ្ធសឹងតែជាកត្តាលីករជំរុញឱ្យគ្រប់ផលិតផលភេសជ្ជៈ និងស្រាបៀរ ដែលផលិតចេញពីរោងចក្រ ខ្មែរ ប៊ែវើរីជីស មានគុណភាពស្តង់ដារកម្រិតពិភពលោក វិនិយោគដោយសហគ្រិនខ្មែរ បញ្ជាច្រវាក់ផលិតកម្មទាំងមូលដោយវិស្វករជំនាញរបស់ខ្មែរ ផលិតភេសជ្ជៈម៉ាកយីហោ Made in Cambodia ទៅកាន់ទីផ្សារក្រៅប្រទេស ឱ្យអន្តរជាតិបានស្គាល់កាន់តែទូលំទូលាយ។
សូមគូសបញ្ជាក់ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតភេសជ្ជក្នុងស្រុក Made in Cambodia ដែលទទួលស្គាល់គុណភាព និងមេដាយពីស្ថាប័នអន្តរជាតិច្រើនជាងគេនៅកម្ពុជា ដោយក្នុងនោះរួមមានទាំងវិញ្ញាបនបត្របញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO 14001, វិញ្ញាបនបត្របញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001, ពានរង្វាន់គ្រប់គ្រងចង្វាក់ផលិតកម្មលំដាប់ពិភពលោក World-class Operations Management, ព្រមទាំងមេដាយមាសបញ្ជាក់ពីគុណភាពផលិតផល Monde Selection ច្រើនដាច់គេផងដែរ៕