សារព័ត៌មាន VN Express បានចុះផ្សាយថា លោក Prajwal Revanna ដែលជាសមាជិកសភា និងក៏ជាចៅប្រុសរបស់អតីតនាយករដ្ឋមន្ត្រីឥណ្ឌាលោក Deve Gowda កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ទាក់ទិននឹងបទរំលោភបំពានផ្លូវភេទ និងបៀតបៀនស្ត្រីរហូតដល់ទៅចំនួន ៤០០នាក់។
យោងតាមអាជ្ញាធរបានឲ្យដឹងថា សកម្មភាពរំលោភបំពានផ្លូវភេទ និងប្រើពាក្យជេរប្រមាថរបស់លោក Revanna ទៅលើស្ត្រី ត្រូវបានរកឃើញនៅក្នុងវីដេអូប្រមាណ ២ ៨០០ឃ្លីប ខណៈ USB Drive ដែលផ្ទុកវីដេអូទាំងនេះប្រហែល ២ ០០០គ្រឿង ត្រូវបានគេប្រទះឃើញនៅតាមស្ថានីយ៍ឡានក្រុង និងរថភ្លើងជាច្រើនកន្លែង ក៏ដូចជាកៅអីនៅតាមសួនក្នុងរដ្ឋ Karnataka ផងដែរ។
ជនរងគ្រោះម្នាក់ ដែលមិនបញ្ជាក់ឈ្មោះ តែដឹងត្រឹមថាជាអតីតសមាជិកក្រុមប្រឹក្សាក្រុង Bangalore ក្នុងរដ្ឋ Karnataka បានលើកឡើងថា នាងត្រូវបានលោក Revanna រំលោភបំពានផ្លូវភេទអស់រយៈពេលបីឆ្នាំ ហើយលើកឡើងទៀតថា គាត់បានគំរាមដោយនឹងបញ្ចេញវីដេអូឃ្លីប ប្រសិនបើហ៊ានប្រាប់នរណាម្នាក់អំពីអ្វីដែលបានកើតឡើង។
ទន្ទឹមនឹងនោះលោក Revanna នៅតែលាក់ខ្លួន មិនទាន់ធ្វើអត្ថាធិប្បាយបកស្រាយឲ្យបានច្បាស់លាស់នោះទេ ស្របពេលកាសែត The Times បានរាយការណ៍មកថា បុរសវ័យ ៣៣ឆ្នាំរូបនេះប្រើប្រាស់លិខិតឆ្លងដែនការទូត ដើម្បីធ្វើដំណើរគេចខ្លួនទៅកាន់ប្រទេសអាល្លឺម៉ង់។ យ៉ាងណាក៏ដោយមុនពេលដែលចាកចេញពីប្រទេសឥណ្ឌា លោកក៏បានដាក់ពាក្យបណ្តឹងផងដែរ ដោយលើកឡើងថាវីដេអូទាំងអស់នោះច្នៃប្រឌិតឡើងមក ដើម្បីវាយប្រហារអាជីពជាអ្នកនយោបាយរបស់គាត់តែប៉ុណ្ណោះ។
ជម្រាបបន្ថែមថា អាជ្ញាធរ Karnataka បានចាប់ផ្តើមសហការជាមួយអាជ្ញាធរ Interpol ដើម្បីស៊ើបអង្កេតទៅលើវីដេអូឃ្លីបរំលោភបំពានផ្លូវភេទ និងបៀតបៀនស្ត្រីរហូតដល់ទៅចំនួន ៤០០នាក់របស់លោក Prajwal Revanna ៕