ទីក្រុង Nanning ខេត្ត Guangxi ប្រទេសចិន ដែលធ្លាប់ជាមជ្ឈមណ្ឌលផលិតទូរស័ព្ទ iPhone ធំបំផុតមួយ ឥឡូវនេះបានប្រែមកជាសភាពស្ងាត់ជ្រងុំ បន្ទាប់ពីក្រុមហ៊ុន Apple ព្យាយាមចាកចេញពីប្រទេសចិន។
យោងតាមការចុះផ្សាយពីសារព័ត៌មាន VNExpress បានបង្ហាញថា កន្លងមករោងចក្រ Foxconn នៅក្នុងទីក្រុងមួយនេះ គឺបានជំរុញកំណើនសេដ្ឋកិច្ចនៅទីក្រុង Nanning បានខ្លាំងមែនទែន តែបច្ចុប្បន្ននេះ រោងចក្របែរជាបិទទ្វារ ហើយតាមដងផ្លូវ និងអគារស្នាក់នៅរបស់បុគ្គលិក គឺគ្មានមនុស្សសោះឡើយ។
គួររំលឹកបន្តិចថា បន្ទាប់ពីក្រុមហ៊ុន Apple សម្រេចចិត្តចាកចេញពីប្រទេសចិន រោងចក្រនៅទីក្រុង Nanning នេះគឺបានប្រកាសបិទទ្វារមុនគេ បើទោះជានៅទីនោះធ្លាប់ជាកន្លែងផ្គត់ផ្គង់ទូរស័ព្ទ iPhone ធំបំផុតក្ដី ខណៈហេតុផលជុំវិញការចាកចេញរបស់ Apple ដោយសារបញ្ហារកាំរកូសរវាងរដ្ឋាភិបាលចិន និងអាមេរិក។
ជម្រាបបន្ថែមថា បច្ចុប្បន្ននេះ Apple បានចុចយកប្រទេសឥណ្ឌា ជាមជ្ឈមណ្ឌលផលិតទូរស័ព្ទ iPhone ធំបំផុត បន្ទាប់ពីប្រទេសចិន និងកំពុងស្វែងរកទីតាំងផ្សេងៗទៀតនៅតំបន់អាស៊ី ដើម្បីបង្កើតមជ្ឈមណ្ឌលផលិតកម្មផងដែរ៕