ការលក់រថយន្តអគ្គិសនីដែលផលិតនៅក្នុងប្រទេសចិនរបស់ក្រុមហ៊ុន Tesla បានបន្តធ្លាក់ចុះខ្លាំង នៅក្នុងខែមេសា ខណ:ពេលដែលភាពលេចធ្លោរបស់ក្រុមហ៊ុនគូប្រជែង BYD នៅតែបន្តកើនឡើងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
យោងតាមទិន្នន័យបឋមមួយដែលចេញផ្សាយដោយសមាគមរថយន្តចិន (CPCA) កាលពីថ្ងៃអង្គារ ទី៧ ខែឧសភាកន្លងទៅ បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Austin រដ្ឋ Texas បានលក់រថយន្តរបស់ខ្លួនដែលផលិតនៅប្រទេសចិន បានចំនួន ៦២ ១៦៧ គ្រឿងប៉ុណ្ណោះ នៅក្នុងខែមេសា ពោលគឺធ្លាក់ចុះ ១៨% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។
សម្រាប់ចំនួននៃការលក់នេះ មានន័យថាក្រុមហ៊ុន Tesla នៅតែបន្តជាប់ចំណាត់ថ្នាក់ទីពីរ ក្នុងនាមជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោក សម្រាប់ខែមេសា ដោយតាមពីក្រោយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ចិន BYD ដែលលក់បាន ៣៣០ ០០០ គ្រឿងកាលពីខែមុន។
គួរឲ្យដឹងថា ជុំវិញការធ្លាក់ចុះនៃចំនួននៃការលក់នេះ ក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Musk បាននិងកំពុងព្យាយាមយ៉ាងខ្លាំង ក្នុងការជំរុញអាជីវកម្មរបស់ខ្លួនឡើងវិញ នៅក្នុងប្រទេសចិន ដោយបានធ្វើការកាត់បន្ថយតម្លៃ និងដាក់ចេញនូវផែនការក្នុងការបង្កើតបច្ចេកវិទ្យាថ្មីៗបន្ថែម ដើម្បីបំពាក់លើរថយន្តអគ្គិសនីរបស់ខ្លួន៕