ឧកញ៉ា ហេង គឹមស៊រ អគ្គនាយករង ក្រុមហ៊ុន ជីធីវីស៊ី គ្រុប និងលោកជំទាវ បានបរិច្ចាគថវិកាចំនួន ៥,០០០ដុល្លារអាមេរិក ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។
ពិធីប្រគល់ទទួលថវិកាខាងលើ ត្រូវបានធ្វើឡើងនៅរសៀល ថ្ងៃទី០៨ ខែឧសភា ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ។ លោកអភិបាលខេត្ត បានថ្លែងអំណរអគុណចំពោះ លោកឧកញ៉ា ហេង គីមស៊រ និងលោកជំទាវ ដែលបានបរិច្ចាគថវិកាចំនួន ៥,០០០ដុល្លារ ក្នុងឱកាសខួប ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (ទិវា ៨ឧសភា) ឆ្នាំ២០២៤នេះ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគម៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។
ឧកញ៉ា ហេង គឹមស៊រ ប្អូនថ្លៃរបស់ អ្នកឧកញ៉ា ទៀ វិចិត្រ និងភរិយា លោកស្រី អ៊ឹង ភិចស៊ូន ជានិច្ចជាកាល អ្នកទាំងពីរតែងតែបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ដូចជាការចូលរួមកសាងសមិទ្ធផលតាមវត្តអារ៉ាម និងសកម្មភាពសប្បុរសធម៌ផ្សេងៗទៀត។
លោក ហេង គឹមស៊រ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕