ក្រុមហ៊ុន Apple បានធ្វើការលក់ទូរស័ព្ទ iPhone បញ្ចុះតម្លៃយ៉ាងសម្បើម បន្ទាប់ពីអត្រាលក់មានការថយចុះ ហើយជាលទ្ធផលកាលពីខែមីនា Apple បាននាំចេញទូរស័ព្ទ iPhone ទៅប្រទេសចិន ច្រើនជាងខែមុនៗប្រមាណ ១២%។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា កំណើននាំចេញដ៏ច្រើននេះ គឺជាការកើនឡើងលើកដំបូងនៅក្នុងឆ្នាំ២០២៤ ពោលកាលពីខែមីនា Apple នាំចេញទូរស័ព្ទ iPhone ទៅប្រទេសចិនប្រមាណ ៣,៧៥លានគ្រឿង។
គួររំលឹកបន្តិចថា បើទោះជាក្នុងខែមីនា Apple នាំចេញទូរស័ព្ទទៅចិនច្រើនពិតមែន តែបើសរុបទិន្នន័យរួមប្រចាំត្រីមាសទីមួយ គឺមានតិចជាងឆ្នាំទៅរហូតដល់ ១៩% ដែលជាប្រតិបត្តិការអាក្រក់បំផុតមួយរបស់ក្រុមហ៊ុន តាំងពីឆ្នាំ២០២០។
ដើម្បីអាចស្ដារស្ថានការណ៍ឲ្យប្រសើរវិញ ក្រុមហ៊ុន Apple បានធ្វើការលក់ទូរស័ព្ទបញ្ចុះតម្លៃកប់ពពក ពោលទូរស័ព្ទប្រភេទ iPhone 15 បានបញ្ចុះតម្លៃរហូតដល់ទៅ ១០%ឯណោះ៕