TikTok និងក្រុមហ៊ុនមេ ByteDance បានសម្រេចដាក់ពាក្យបណ្តឹងទៅកាន់តុលាការសហព័ន្ធអាមេរិក កាលពីថ្ងៃអង្គារ ទី៧ ខែឧសភាកន្លងទៅ ដើម្បីព្យាយាមប្រឆាំងតវ៉ាទៅនឹងច្បាប់ដែលបង្ខំឲ្យក្រុមហ៊ុនខ្លួន លក់កម្មវិធីកម្សាន្ត TikTok ចោល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ជុំវិញការដាក់ពាក្យបណ្តឹងនេះ បានកើតឡើង ក្រោយច្បាប់ថ្មីមួយត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដោយផ្តល់ពេលឲ្យក្រុមហ៊ុនមេ ByteDance រហូតដល់ថ្ងៃទី១៩ ខែមករា ដើម្បីលក់កម្មវិធី TikTok ឬត្រូវហាមឃាត់ទាំងស្រុង នៅទឹកដីសហរដ្ឋអាមេរិក។
ក្រុមហ៊ុនខ្នាតយក្សរបស់ចិនមួយនេះ បានដាក់ពាក្យបណ្តឹងរបស់ពួកគេទៅកាន់សាលាឧទ្ធរណ៍សហរដ្ឋអាមេរិក ក្នុងសង្កាត់ Columbia Circuit ដោយលើកហេតុផលថាច្បាប់ថ្មីនេះ ពិតជាបានបំពានទៅលើរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ក៏ដូចជាបំពានលើសិទ្ធិការពារសេរីភាពក្នុងការបញ្ចេញមតិ។
ជម្រាបជូនផងដែរថា នៅក្នុងពាក្យបណ្តឹងនោះ ក្រុមហ៊ុន ByteDance បាននិយាយថា ការលក់កម្មវិធី TikTok របស់ខ្លួនគឺនឹងមិនអាចទៅរួចនោះឡើយ ដោយប្រកាន់ជំហរថាអាជីវកម្មរបស់ខ្លួនមិនមែនជារឿងខុសច្បាប់នោះឡើយ។ ហើយចំពោះការបបង្ខំឲ្យលក់ TikTok ត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ គឺជាការបំបិទមាត់ប្រជាជនអាមេរិកចំនួន ១៧០ លាននាក់ ដែលកំពុងប្រើប្រាស់វេទិកានេះ៕