សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល ប្ដេជ្ញាសម្រេចឱ្យបាន នូវការពង្រឹងធនធានមនុស្ស ដើម្បីឆ្លើយតបនឹងការវិនិយោគទាំងជាតិ និងអន្តរជាតិ ពិសេសការវិនិយោគបែបទំនើប។
សម្តេចនាយករដ្ឋមន្ត្រី ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអាហារសាមគ្គីធុរកិច្ចជាមួយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ៨ខែហើយដែលរាជរដ្ឋាភិបាលអាណត្តិថ្មីក្នុងនីតិកាលទី៧រដ្ឋសភានេះ គឺប្តេជ្ញាចិត្តឱ្យខាងតែបាន ក្នុងការថែរក្សា ការពារនូវសុខសន្តិភាព ដែលកំពុងមានសព្វថ្ងៃ និងដាក់ចេញនូវទិសដៅទៅមុខជាច្រើនទៀតដើម្បីលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រ ជាពលរដ្ឋខ្មែរគ្រប់រូប។
ជាមួយគ្នានេះ ដើម្បីធានាដល់លើកកម្ពស់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប រាជរដ្ឋាភិបាល នៅតែប្តេជ្ញាពង្រឹងធនធានមនុស្សឱ្យកាន់តែខ្លាំង ដោយផ្តោតលើជំនាញវិជ្ជាជីវៈច្បាស់លាស់ ខណៈបច្ចុប្បន្នត្រូវការប្រើប្រាស់បច្ចេកវិទ្យា សំដៅឈានទៅជំរុញគុណភាព ផលិតភាពការងារ ឆ្លើយតបទៅនឹងបំណងវិនិយោគិនជាតិ និងអន្តរជាតិថែមទៀត។
ទន្ទឹមគ្នានេះដែរ សម្តេចធិបតី បានបញ្ជាក់ថា ក្រៅពីផ្តោតលើការពង្រឹងធនធានមនុស្ស រាជរដ្ឋាភិបាល ក៏នៅតែបន្តទាក់ទាញវិនិយោគបន្ថែម សំដៅពង្រីកកិច្ចសហប្រតិបត្តិការ និងពង្រឹងការទូតសេដ្ឋកិច្ចជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោកឱ្យកាន់តែខ្លាំងថែមទៀត៕ អត្ថបទ៖ រង្សី