ត្រឹមតែមួយល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចុះហត្ថលេខាអនុម័តលើគម្រោងវិនិយោគ១៤គម្រោង គិតជាទឹកប្រាក់ជិត៥០០លានដុល្លារ។នេះបើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍នៅក្នុងពិធីអាហារសាមគ្គីធុរកិច្ចជាមួយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។
សម្តេចធិបតីថ្លែងថា បើរាប់ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈទិន្នន័យCDC បានអនុម័តគម្រោងវិនិយោគដែលចុះក្នុងប្រព័ន្ធទាំងគម្រោងថ្មី និងគម្រោងពង្រីកមានចំនួន១២៨គម្រោង ដែលក្នុងនោះទុនវិនិយោគមាន២៥០០លានដុល្លារ អាចបង្កើតការងារ១៣ម៉ឺនកន្លែង នៅពេលគម្រោងនេះលេញចេញ។
សម្តេចធិបតីបន្តថា «ត្រឹមតែមួយល្ងាចមិញ(០៨ ឧសភា )ខ្ញុំបានចុះហត្ថលេខាឯកភាពទៅលើគម្រោងវិនិយោគ១៤ គិតជាទុនវិនិយោគ៤៨០លានដុល្លារបន្ថែមទៀត»។
សម្តេចធិបតី បានគូសបញ្ជាក់ថា នេះជាលទ្ធផលជាក់ស្តែង ដែលយើងទទួលបាន នៃការខិតខំប្រឹងប្រែងទាក់ម៉ូយ ទាំងរាជរដ្ឋាភិបាល ទាំងវិស័យឯកជន ដែលបានធ្វើការរួមគ្នា ដើម្បីផ្សព្វផ្សាយកម្ពុជា រួមគ្នាដើម្បីបង្កើតនៅការទុកចិត្តវិនិយោគ ទាំងវិនិយោគដែលមានស្រាប់ និងវិនិយោគដែលមកថ្មី ហើយយើងនឹងនៅមានបន្តតទៀត។
សូមជម្រាបជូនថា ក្នុងរយៈពេល៨ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងសរុបបានចំនួន២៣២ ដែលមានទំហំទុនវិនិយោគសរុបមានជាង៥ពាន់លានដុល្លារអាមេរិក៕