អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា ជាប្រទេសដែលមានទីតាំងល្អបំផុតសម្រាប់វិនិយោគ និងធ្វើពាណិជ្ជកម្មលើគ្រប់វិស័យទាំងអស់ ។
ការលើកឡើងរបស់អ្នកឧកញ៉ា ធ្វើឡើងនៅក្នុងពិធីអាហារសាមគ្គីធុរកិច្ចជាមួយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។
នាឱកាសនេះ អ្នកឧកញ៉ា លី ឃុនថៃ បានឱ្យដឹងថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានសក្ដានុពលសំបូរបែប ជាពិសេសក្រោមម្លប់នៃសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខ ស្ថេរភាពក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងស្របតាមមាគាដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាបិតាស្ថាបនិកសន្ដិភាព។
អ្នកឧកញ៉ាបានបន្ដថា កត្ដាទាំងនេះជាភាពអំណោយផលដ៏ល្អបំផុតសម្រាប់វិនិយោគ និងការធ្វើពាណិជ្ជកម្មបច្ចុប្បន្ន ដែលបានជំរុញទឹកចិត្ដដល់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ឱ្យកាន់តែពង្រីកខ្លួនសកម្មឡើង ដោយរួមគ្នាកំណត់គោលដៅ បន្ដទាក់ទាញអ្នកវិនិយោគិនបរទេសចូលមកប្រទេសកម្ពុជា បានកាន់តែច្រើនបន្ថែមទៀត។
អ្នកឧកញ៉ា លី ឃុនថៃ បានបញ្ជាក់ថា មកដល់ពេលនេះ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានសម្រេចការជំរុញការនាំចេញ និងទាក់ទាញវិនិយោគិនបរទេសចូលមកបណ្ដាក់ទុនក្នុងប្រទេសកម្ពុជា ដែលមានទំហំទឹកប្រាក់វិនិយោគ ជាង១៥ពាន់លានដុល្លារ និងបានផ្ដល់ឱកាសការងារជូនដល់កម្មករ កម្មការិនី និងនិយោជិក ជាង៦៤ម៉ឺននាក់។
ជាមួយគ្នានេះដែរ ដើម្បីឆ្លើយតបទៅនឹងគោលដៅ និងការជំរុញសកម្មភាពវិនិយោគក្នុងប្រទេសកម្ពុជា សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បេជ្ញាចិត្ដបន្ដអនុវត្ដតួនាទី និងដាក់ចេញផែនការដើម្បីសម្រេចចេញគោលដៅជាច្រើន ដែលនឹងផ្ដល់ជាវេទិកាសម្រាប់វិនិយោគិនជាតិ និងអន្ដរជាតិ អាចស្វែងរកឱកាសកសាងទំនាក់ទំនង ពង្រីកទីផ្សារ និងការបណ្ដាក់ទុនមកប្រទេសកម្ពុជាជាពិសេសជំរុញការអនុស្សរណៈនៃការយោគយល់គ្នាឱ្យបានកាន់តែទូលំទូលាយ។
ឆ្លៀតក្នុងឱកាសនេះ អ្នកឧកញ៉ា លី ឃុនថៃ បានសម្ដែងនូវការស្វាគមន៍ និងអំពាវនាវ ដល់បណ្ដារវិនិយោគគិន គ្រប់រូបទាំងវិនិយោគិនចាស់ និងវិនិយោគិនថ្មី ជាពិសេសវិនិយោគិន ដែលទើបនឹងបានមកទស្សនកិច្ចដោយផ្ទាល់នៅប្រទេសកម្ពុជា ប្រសិនបើបណ្ដារវិនិយោគិន កំពុងស្វែងរកប្រទេសដែលមានសក្ដានុពលសម្រាប់ការបណ្ដាក់ទុនវិនិយោគ និងពង្រីកអាជីវកម្មរបស់ខ្លួន ក្នុងនាមអ្នកឧកញ៉ាផ្ទាល់ អះអាងជូនដោយភាពជឿជាក់ថា ប្រទេសកម្ពុជានេះហើយ ដែលជាទីតាំងល្អបំផុតសម្រាប់វិនិយោគ និងធ្វើពាណិជ្ជកម្មលើគ្រប់វិស័យទាំងអស់។
ចំណុចល្អបំផុតដែលប្រទេសកម្ពុជារក្សាបាននោះគឺ ម្លប់នៃសន្ដិភាព ស្ថេរភាពនយោបាយ សន្ដិសុខ សុវត្ថិភាព។ ជាមួយរួម ច្រកទីផ្សារដ៏ធំទូលាយ ក្នុងនោះ កម្ពុជាមានទីផ្សារអាស៊ាន មានចំនួនប្រជាជនជាង៦០០លាននាក់ និងទីផ្សារអាសិប មានចំនួនប្រជាជនជាង២ពាន់លាននាក់។
បន្ថែមពីនេះ កម្ពុជា បានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើន មានដូចជាផ្លូវថ្នល់ ផ្លូវដែក ផ្លូវល្បឿនលឿន កំពង់ផែ ព្រលានយន្ដហោះ ប្រព័ន្ធទូរគមនាគមន៍ អគ្គីសនី ទឹក ដែលផ្ដល់ភាពងាយស្រួលសម្រាប់ផលិតកម្ម និងការដឹកជញ្ជូន។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ កន្លងទៅ រដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មាធិការអន្ដរក្រសួងដើម្បីដំណើរការអនុវត្ដគម្រោង ព្រែកជីកហ្វូណនតេជោ ដែលនឹងជួយកាត់បន្ថយថ្លៃដឹកជញ្ជូន និងផ្ដល់ជាទីតាំងតភ្ជាប់សម្រាប់ផលិតកម្មដ៏ល្អបំផុតក្នុងវិស័យឧស្សាហកម្ម និងការផ្គត់ផ្គង់ទំនិញទៅកាន់ពិភពលោក៕