អ្នកឧកញ៉ា លី ឃុនថៃ ៖ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានទាក់ទាញវិនិយោគបរទេសមកបោះទុននៅកម្ពុជា ក្នុងទំហំទឹកប្រាក់រហូតជាង១៥ពាន់លានដុល្លារ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានឱ្យដឹងថា គិតមកដល់ពេលនេះ សមាគម បានជំរុញការនាំចេញ និងទាក់ទាញវិនិយោគបទេសមកបោះទុននៅកម្ពុជា ក្នុងទំហំទឹកប្រាក់រហូតជាង១៥ពាន់លានដុល្លារ ខណៈសមាគម ប្តេជ្ញាពង្រីកទីផ្សារ និងការបណ្ដាក់ទុនមកប្រទេសកម្ពុជាបន្ថែមទៀតផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ាថ្លែងដូច្នេះ ក្នុងពិធីអាហារសាមគ្គីធុរកិច្ចជាមួយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។

នាឱកាសនោះ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានឱ្យដឹងថា៖«មកដល់ពេលនេះ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានសម្រេចការជំរុញការនាំចេញ និងទាក់ទាញវិនិយោគិនបរទេសចូលមកបណ្ដាក់ទុនក្នុងប្រទេសកម្ពុជា ដែលមានទំហំទឹកប្រាក់វិនិយោគ ជាង១៥ពាន់លានដុល្លារ និងបានផ្ដល់ឱកាសការងារជូនដល់កម្មករ កម្មការិនី និងនិយោជិក ជាង៦៤ម៉ឺននាក់»។

ជាមួយគ្នានេះដែរ អ្នកឧញ៉ាបន្តថា ដើម្បីឆ្លើយតបទៅនឹងគោលដៅ និងការជំរុញសកម្មភាពវិនិយោគក្នុងប្រទេសកម្ពុជា សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បេជ្ញាចិត្ដបន្ដអនុវត្ដតួនាទី និងដាក់ចេញផែនការដើម្បីសម្រេចចេញគោលដៅជាច្រើន។

ដោយអ្នកឧកញ៉ាបានបញ្ជាក់ថា៖«ដើម្បីសម្រេចផែនការនោះ យើងនឹងផ្ដល់ជាវេទិកាសម្រាប់វិនិយោគិនជាតិ និងអន្ដរជាតិ អាចស្វែងរកឱកាសកសាងទំនាក់ទំនង ពង្រីកទីផ្សារ និងការបណ្ដាក់ទុនមកប្រទេសកម្ពុជាជាពិសេសជំរុញការចុះអនុស្សរណៈនៃការយោគយល់គ្នាឱ្យបានកាន់តែទូលំទូលាយថែមទៀត»។

ជុំវិញការលើកឡើងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល និងវិស័យឯកជនមានបេសកកម្មរួម ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ ហើយរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់លើវិស័យឯកជន និងរបបទីផ្សារសេរី ដើម្បីជំរុញការអភិវឌ្ឍនៅកម្ពុជា ឈានទៅសម្រេចគោលដៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០២៥០។

ជាមួយគ្នានេះ សម្តេចធិបតីបន្តថា៖« ការធ្វើឱ្យកម្ពុជាមានបរិយាកាសល្អសម្រាប់ការវិនិយោគ គឺជារឿងសំខាន់សម្រាប់ការទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិបន្ថែមទៀត»។

គួរបញ្ជាក់ដែរថា សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំនូវ​សមាស​ភាព​សមាគមនីមួយៗ រួមគ្នាជាថ្នាលធំមួយពង្រឹង និងពង្រីកសកម្មភាពទាក់ទាញវិនិយោគិន​បរទេស​មកពីគ្រប់ប្រទេស បណ្តាក់ទុនក្នុងប្រទេសកម្ពុជា រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការកៀរគរការវិនិយោគទាំងអ្នកវិនិយោគក្នុងស្រុក និងមកពីក្រៅស្រុក គឺជាគោលដៅដ៏ចាំបាច់​មួយ​របស់រាជរដ្ឋាភិបាល ដើម្បីជំរុញសេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អ​ប្រសើរ។ វត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីប្រកាសជាផ្លូវការនូវសមាគមសហព័ន្ធ​អ្នក​វិនិយោគ​កម្ពុជា បង្ហាញឱ្យឃើញនូវការគាំទ្រយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលទៅលើសកម្មភាព​របស់​សមាគម៕ អត្ថបទ៖ រង្សី