លោកជំទាវឧកញ៉ា ខុង លីស៊ីអាណា បរិច្ចាគផ្ទះ១ល្វែង ដល់អង្គការ អាង ស័ង អ៊ីន វី ធ្វើជាទីស្នាក់ការកណ្តាល

ជុំវិញ​ឧកញ៉ា

លោកជំទាវឧកញ៉ា ខុង លីស៊ីអាណា ម្ចាស់ក្រុមហ៊ុន ឌីអិនជី គ្រុប (D N G Group) ម្តាយ​របស់​លោក ឌួង ឆាយ អគ្គនាយក​ក្រុមហ៊ុន Downtown Development បាន​បរិច្ចាគ​ផ្ទះ​មួយ​ល្វែង ក្នុងបុរី អេច អិល (Borey HL) ដល់អង្គការ អាង ស័ង អ៊ីន វី (UN SOIN UNE VIE au Cambodge) ធ្វើជាទីស្នាក់ការកណ្តាល សម្រាប់​ព្យាបាល​ជូនប្រជាពលរដ្ឋក្រីក្រ និងក្មេងៗពិការ​​​គ្មានលទ្ធភាពព្យាបាល ដោយឥតបង់ប្រាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្ទះមួយ​ល្វែង ចំនួន៤ជាន់ ដែល​លោកជំទាវឧកញ៉ា ខុង លីស៊ីអាណា បរិច្ចាគ​នេះ​ គឺ​​ផ្ទះ​លេខ​ B17 ក្នុងបុរី អេច អិល ស្ថិតនៅភូមិ​២៤ សង្កាត់​ព្រៃសរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវសន្តិភាព។

លោកជំទាវឧកញ៉ា ខុង លីស៊ីអាណា បាន​ថ្លែង​ប្រាប់​ដល់​ ឧកញ៉ាញូស៍ ឱ្យដឹងថា ការ​បរិច្ចាគ​ខាង​លើ​នេះ គឺ​ដោយសារ​លោក​ជំទាវ​យល់ឃើញថា អង្គការមួយនេះបានជួយដល់កុមារជាច្រើននៅកម្ពុជា។ ក្នុងនាមលោកជំទាវ​ជាប្រជាពលរដ្ឋមួយរូប ពិតជា​សប្បាយចិត្ត​នៅពេលឃើញពួកគាត់ជាអ្នករស់នៅបរទេស ឆ្លៀតពេលវិសមកាលម្តងៗ តែងតែ​ប្រមូលសមាជិកមកជួយ​ដល់​ខ្មែរ​យើង​ដល់​ជនបទ​ ឬ​តំបន់ដាច់ស្រយាល​ពី​ទីក្រុង​រាប់រយ​គីឡូម៉ែត្រ​​ ​ក៏​ពួកគាត់​ព្យាយាម​មក​ជួយ​ខ្មែរ​យើង។ នេះ​ហើយ​ជា​ក្តីស្រឡាញ់ ការចែករំលែក ហើយ​យើង​ចង់ឃើញ​ប្រជាពលរដ្ឋយើង តែងតែ​មាន​អ្នកជួយ។

លោកជំទាវឧកញ៉ា បាន​បន្ថែម​ទាំង​អួលដើមក​ថា៖ “នៅពេល​យើង​មាន​លុយ​យើង​អាច​រក​ពេទ្យផ្សេងៗ​បាន ប៉ុន្តែ​សម្រាប់​អ្នក​គ្មាន​លទ្ធភាព អ្នកអត់ តើ​គ្នា​ទៅ​រក​ពេទ្យនៅ​ទីណា។ នេះ​ហើយ​ជា​ទឹកចិត្ត​ នៅពេលខ្ញុំ​ឃើញ​ហើយ ខ្ញុំ​អាណិត ខ្ញុំស្ម័គ្រចិត្ត​ថា​ខ្ញុំ​នឹង​ជួយ​​ជា​ទីស្នាក់ការ​សម្រាប់​​ពួកគាត់ ដែលជាកត្តា​ចាំបាច់បំផុត​សម្រាប់​ការ​ព្យាបាលជូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់​គ្នា​បាន​ទាន់​ពេល​វេលា​ ដូចជា​ក្មេងៗគាត់ក្រ មិនមាន​លុយ​ទៅព្យាបាល ក្មេងៗខ្លះ​គាត់​ឆែបមាត់ ត្រចៀកថ្លង់ ត្រូវការវះកាត់ និងមាន​ច្រើន​រូបភាព​ដែល​ខ្ញុំ​មើលឃើញ។ ការបរិច្ចាគ​នេះ ជាក្តីស្រឡាញ់​និងជាការចែករំលែក”។

សូមជម្រាបថា នេះមិនមែនលើកទីមួយទេ ដែល​លោកជំទាវឧកញ៉ា​ ខុង លីស៊ីអាណា ចូលរួមបរិច្ចាគ​ធនធានផ្ទាល់ខ្លួន​ជួយ​ដល់​សង្គម។ កន្លងមក លោកជំទាវឧកញ៉ា ក៏តែងតែ​ចូលរួម​បរិច្ចាគ​ជូន​កាកបាទក្រហម និង​បរិច្ចាគ​ជូន​រាជរដ្ឋាភិបាល​ក្នុង​សកម្មភាព​សប្បុរសធម៌​ផ្សេងៗ។ តាមរយៈ​ការ​បរិច្ចាគ​ធនធាន​ផ្ទាល់​ខ្លួន​ជា​ហូរហែ​មក​នេះ លោកជំទាវ​ត្រូវ​បាន​ព្រះមហាក្សត្រ​​ចេញ​ព្រះរាជក្រឹត្យ​ ត្រាស់បង្គាប់​ផ្តល់​គោរមងារ «ឧកញ៉ា» កាលពី​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។

អង្គការ អាង ស័ង អ៊ីន វី ត្រូវបាន​បង្កើត​ឡើង​ដោយ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ជនជាតិបារាំង និង​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ចាប់ពីឆ្នាំ២០១៨។ កន្លងមក អង្គការ​មួយ​នេះ តែង​សហការជាមួយ មន្ទីរសុខាភិបាល​រាជធានី-ខេត្ត មន្ទីរពេទ្យបង្អែក រួមជាមួយ​គ្រូពេទ្យឯកទេស ដើម្បី​ចុះពិនិត្យ ព្យាបាល និងវះកាត់​កុមារ ពិការភាពមុខមាត់ និងអវៈយវៈ ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតបង់ប្រាក់៕