ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក បុរី វិមានសំណាង និងជាប្រធាន KW Cambodia ទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភ្នាក់ងារលក់ រវាងគម្រោង បុរី វិមានសំណាង ជាមួយក្រុមហ៊ុន អាសូរ៉ា ហូលឌីង អិលអិលស៊ី ដើម្បីជំរុញ និងផ្លាស់ប្តូរការទិញលក់ បុរី វិមានសំណាង នៅក្នុងប្រទេសកម្ពុជា និងអ្នកវិនិយោគនៅអាមេរិក និងទីផ្សារបរទេស។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើកឡើថា៖ “ពួកយើង កំពុងបន្តបោះជំហ៊ានមួយទៀត ក្នុងការនាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជាវិញ! ពួកយើងតែងតែទាក់ទាញឲ្យបរទេសកាន់តែច្រើន យកលុយមកវិនិយោគនៅកម្ពុជា។ ហើយកិច្ចព្រមព្រៀងនេះ ក៏ជាដំណាក់កាលថ្មី ជាមួយ អាសូរ៉ា ហូលឌីង ដែលនឹងជួយផ្សព្វផ្សាយការលក់ បុរី វិមានសំណាង ទៅកាន់អតិថិជនដែលកំពុងរស់នៅទឹកដីអាមេរិក ហើយមានប្រភពដើមជាជនជាតិអាស៊ី។”
ស្ថាបនិក បុរី វិមានសំណាង បន្ថែមទៀតថា នៅពេលតំណាលគ្នា ប្រសិនបើនៅកម្ពុជាយើង មានអ្នកដែលគាត់ចាប់អារម្មណ៍ ចង់ទិញផ្ទះនៅអាមេរិក ក្រុមហ៊ុន អាសូរ៉ា ហូលឌីង ក៏អាចប្រឹក្សាលក្ខខណ្ឌ និងរៀបចំឯកសារជូនពួកគាត់ អាចទិញផ្ទះនៅអាមេរិកបាន ក្រោមទំហំផ្តល់ប្រាក់កម្ចី ពីធនាគាររហូតដល់ទៅ៧០% សម្រាប់រយៈ ៣០ឆ្នាំ ឯណោះ។
លោក Joe Lam ប្រធានក្រុមហ៊ុន អាសូរ៉ា ហូលឌីង អិលអិលស៊ី បានលើកឡើងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺមានគោលបំណងដើម្បីអភិវឌ្ឍន៍ទីផ្សារដ៏អស្ចារ្យទៅកាន់អតិថិជន ដែលជាជនជាតិអាមេរិក និងអតិថិជនសក្តានុពលនៅទូទាំងពិភពលោក។ លោក Joe Lam បន្ថែមថា៖ “ពួកយើងទទួលស្គាល់ថា បុរីរបស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាបុរីលំដាប់ឈានមុខមួយ នៅកម្ពុជា ហើយប្រាកដណាស់ អតិថិជននៅអាមេរិកនឹងពេញចិត្ត លើឱកាសទិញលក់ សម្រាប់វិនិយោគ ជាមួយ បុរី វិមានសំណាង របស់គាត់ជាក់ជាមិនខាន។
បុរី វិមានសំណាង របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវ ឧកញ៉ា គង់ សំណាង គឺជាគម្រោងបុរី លំដាប់មួយ នៅក្នុងប្រទេសកម្ពុជា។ បុរី វិមានសំណាង ជា គម្រោងអភិវឌ្ឍ លំនៅឋាន បែបអភិជន ដោយ មានការ សាងសង់ ជា ប្រភេទ ផ្ទះ អាជីវកម្ម (Shophouse) រួមទាំង ប្រភេទ ផ្ទះ វីឡា ប្រណិត ៗចំនួន ៤ប្រភេទ ទៀត ដូចជា វីឡាព្រីន (Prince Villa) វីឡាឃ្វីន (Queen Villa) វីឡាឃីង (King Villa) និងវីឡារ៉ូយាល់ (Royal Villa)។
បុរី វិមានសំណាង មានទីតាំង ស្ថិតនៅខាង ជើង ក្រសួង ដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា និងកំពុងអភិវឌ្ឍន៍ក្លាយជាសហគមន៍លំនៅឋាន ប្រកបដោយផាកសុខភាព ឯកជនភាព និងសុវត្ថិភាព ស័ក្តិសមសម្រាប់គ្រួសារអភិជនកម្ពុជា ក្នុងការរស់នៅ។ បុរី វិមានសំណាង យកចិត្តទុកដាក់ខ្ពស់បំផុត ទៅលើផ្ទៃបៃតង និងសុខដុមនៃការរស់នៅរបស់អតិថិជន ។ ក្នុងបុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង កីឡា ផ្លូវ ធំ ដើម ឈើ ច្រើន និងព្រែក ធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ៕