សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញ និងលើកទឹកចិត្តទៅកាន់អង្គការអន្តរជាតិខាងការងារ (ILO) បន្តគាំទ្រដល់វិស័យការងារនៅកម្ពុជាបន្ថែមទៀត ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។
សម្តេចធិបតី ថ្លែងដូច្នេះ ក្នុងជំនួបរវាងសម្តេចធិបតី ជាមួយលោកស្រី Chihoko Asada Miyakawa ឧបការីអគ្គនាយក និងជានាយិកាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ (ILO) នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។
នាឱកាសនោះ លោកស្រី តំណាងអង្គការអន្តរជាតិខាងការងារ (ILO) បានបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងអង្គការ ILO និងកម្ពុជា និងបានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត។ លោកស្រី ក៏សាទរចំពោះការសម្រេចបាននូវលទ្ធផលរបស់រដ្ឋាភិបាលកម្ពុជាក្នុងការដាក់ចេញនូវគោលនយោបាយគាំពារសង្គមជូនដល់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងកម្មករ-និយោជិត ក្នុងគ្រាលំបាកនៃវិបត្តិជំងឺកូវីដ-១៩ និងបានសម្តែងនូវការគាំទ្រចំពោះប្រទេសកម្ពុជាក្នុងការរៀបចំចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) នាឆ្នាំ ២០២៩ ខាងមុខ។
ទន្ទឹមនោះ លោកស្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីនយោបាយក្នុងការរួមចំណែក និងគាំទ្រដល់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាពិសេសគាំទ្រដល់សមាគមនានាក្នុងការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយសុខុដុមនីយកម្មក្នុងរោងចក្រ និងសហគ្រាស។
បន្ថែមពីនេះទៀត តំណាងអង្គការខាងលើ ក៏បានគោរពស្នើសុំនូវមតិយោបល់ និងអនុសាសន៍របស់សម្តេចធិបតី ចំពោះអង្គការ ILO ក្នុងការបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាផងដែរ។
ជាការឆ្លើយតបវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់អង្គការ ILO ចំពោះការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់លោកស្រីក្នុងការបន្តគាំទ្រ និងចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលនេះ។
ឆ្លៀតពេលនោះដែរថា សម្តេចធិបតី ក៏បានជំរុញ និងលើកទឹកចិត្តឱ្យអង្គការ ILO បន្តគាំទ្រដល់វិស័យការងារនៅកម្ពុជាបន្ថែមទៀត ជាពិសេសការកសាងមូលធនមនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារ តាមរយៈការកសាងសមត្ថភាពឱ្យមានជំនាញខ្ពស់ និងជំនាញប្រកបដោយភាពបត់បែន ដើម្បីចូលរួមចំណែកក្នុងការសម្រេចបាននូវគោលដៅរបស់កម្ពុជាក្នុងឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ថែមទៀត៕
អត្ថបទ៖ រង្សី