ក្រុមហ៊ុន HYUCKJIN ENERGY PLANT ENGINEERING ដែលជាក្រុមហ៊ុនមកពីកូរ៉េ បានស្នើសុំវិនិយោគលើការផលិតថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាមនៅកម្ពុជា ខណៈក្រុមហ៊ុនអះអាងថាអាចបង្កើតថាមពលអគ្គិសនីយ៉ាងតិចបំផុត ២៤គីឡូវ៉ាត់ ក្នុងមួយថ្ងៃ។
នេះបើតាមជំនួបពិភាក្សាការងាររវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING និងក្រុមហ៊ុន Defytime ដែលដឹកនាំដោយលោកតាបណ្ឌិត កុល ផេង នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។
នៅក្នុងជំនួបនោះ ក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING បានធ្វើបទបង្ហាញជូនលោកឧបនាយករដ្ឋមន្ត្រី អំពី គម្រោងស្នើសុំវិនិយោគរបស់ក្រុមហ៊ុនលើការផលិតថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាមនៅកម្ពុជា។
ដោយក្រុមហ៊ុនបានអះអាងថា បច្ចេកវិទ្យាដែលខ្លួននឹងប្រើប្រាស់ ក្នុងមួយថ្ងៃអាចបង្កើតថាមពលអគ្គិសនីយ៉ាងតិចបំផុត ២៤គីឡូវ៉ាត់ ដោយការដុតសំរាមប្រមាណ ១០០តោន។
ឆ្លៀតក្នុងឱកាសនោះ ក្រុមហ៊ុនក៏បានស្នើសុំគោលការណ៍ណែនាំបន្ថែមពីលោកឧបនាយករដ្ឋមន្ត្រី ចំពោះគម្រោងវិនិយោគរបស់ខ្លួនផងដែរ។
ឆ្លើយតបក្នុងអង្គប្រជុំ លោក ស៊ុន ចាន់ថុល បានបង្ហាញការស្វាគមន៍ជូនដល់ក្រុមហ៊ុន និងវិនិយោគិនទាំងអស់ ចំពោះគម្រោងវិនិយោគលើការទាញយកថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាមនេះ និងស្នើសុំឱ្យក្រុមហ៊ុនផ្ញើជូនព័ត៌មានលម្អិតទាំងស្រុងនៃគម្រោង មកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចឱ្យស្ថាប័នរដ្ឋាភិបាលសម្របសម្រួលអនុវត្តនីតិវិធីបន្ត៕