អគ្គរដ្ឋទូតកាណាដា ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគជាមួយកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា -កាណាដា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ ដែលជាចំណងការទូតជាង៧០ឆ្នាំមកហើយ ខណៈភាគីកាណាដា ក៏បានបង្ហាញពីការប្តេជ្ញាចិត្តថា នឹងបានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែរីកចំរើនថែមទៀតផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកស្រី ពីង គិតនីកន (Ping M. Kitnikone) អគ្គរដ្ឋទូតនៃប្រទេសកាណាដាប្រចាំកម្ពុជានាព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួប លោកស្រីអគ្គរដ្ឋទូតកាណាដា បានបញ្ជាក់អំពីការពេញចិត្តចំពោះទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្ត និងកិច្ចសហប្រតិបត្តិការល្អ រវាងកាណាដា-កម្ពុជា ដែលជាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ហើយក្នុងអាណត្តិការទូតនៅកម្ពុជា លោកស្រីក៏បានប្តេជ្ញាខិតខំបន្ត ពង្រឹង និងពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។ បន្ថែមលើនេះ លោកស្រី ក៏បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងកាណាដា-កម្ពុជា ក៏ដូចជាការពង្រឹងការវិនិយោគប្រកបដោយគុណភាពរបស់ក្រុមហ៊ុនកាណាដានៅកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកាណាដា ដែលបានចូលរួមចំណែកក្នុងការកសាងសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក ការកសាងធនធានមនុស្ស ជាពិសេសការបណ្តុះបណ្តាលដល់កងកម្លាំងរក្សាសន្តិភាពមួកខៀវរបស់កម្ពុជា និងការគាំទ្រដល់វិស័យបោសសម្អាតមីន។

ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម និងវិនិយោគវិញ សម្តេចធិបតី បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះសភាពាណិជ្ជកម្មកម្ពុជាបានបង្កើតនូវតំណាងសភាពាណិជ្ជកម្មនៅប្រទេសកាណាដា ដែលជាផ្នែកមួយនៃការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។


បន្ថែមលើនេះ សម្តេចធិបតី ក៏បានបញ្ជាក់ជូនលោកជំទាវឯកអគ្គរដ្ឋទូតអំពីគោលនយោបាយទាក់ទាញ និងលើកទឹកចិត្តវិនិយោគិននៅកម្ពុជា តាមរយៈការអនុវត្តច្បាប់ស្តីអំពីវិនិយោគកម្ពុជា ក៏ដូចជាការដាក់ចេញនូវគោលនយោបាយជាក់ស្ដែង ដើម្បីគាំទ្រដល់បរិយាកាសវិនិយោគ និងរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក។

លើសពីនេះ សម្ដេចធិបតីអះអាងថា រដ្ឋាភិបាលក៏ដាក់ចេញនូវគោលនយោបាយ និងយន្តការគាំទ្រ និងដោះស្រាយនូវបញ្ហាប្រឈមនានារបស់វិនិយោគិននៅកម្ពុជា តាមរយៈការរៀបចំនូវវេទិការវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន និងការបង្កើតក្រុមការងារតាមដានលើការអនុវត្តគោលនយោបាយ វិធានការ និងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា របស់វិនិយោគិនជាដើម៕ អត្ថបទ៖ រង្សី