ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើការប្រកាសផ្លាស់ប្តូរមុខតំណែងរដ្ឋមន្ត្រីការពារជាតិដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតមួយ កាលពីថ្ងៃអាទិត្យ ទី១៣ ខែឧសភាកន្លងទៅ ជាមួយនឹងការដកតំណែងរបស់លោក Sergei Shoigu ចេញ និងដាក់ជំនួសវិញដោយលោក Andrey Belousov ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។
បើតាមសេចក្តីប្រកាសរបស់វិមានក្រឹមឡាំង បានបង្ហាញឲ្យដឹងថា លោក Belousov ធ្លាប់បានបម្រើការជាឧបនាយកដ្ឋមន្ត្រី ដោយមើលការខុសត្រូវជាពិសេសទៅលើការអភិវឌ្ឍសេដ្ឋកិច្ចរបស់រុស្ស៊ី និងគ្មានបទពិសោធនៅក្នុងវិស័យយោធានោះឡើយ។
គួរឲ្យដឹងថា លោក Belousov បានកើតនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៥៩ នៅក្នុងទីក្រុងម៉ូស្គូ ដោយមានឪពុកជាអ្នកប្រាជ្ញ និងជាសេដ្ឋវិទូដ៏ល្បីឈ្មោះម្នាក់ដែលបានដើរតួយ៉ាងសំខាន់ ក្នុងកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី ក្នុងអំឡុងទសវត្សឆ្នាំ១៩៦០។
នៅឆ្នាំ១៩៨១ លោក Belousov បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យរដ្ឋម៉ូស្គូដ៏ល្បីល្បាញរបស់ប្រទេសរុស្ស៊ី ជាមួយនឹងសញ្ញាប័ត្រផ្នែកសេដ្ឋកិច្ច និងអ៊ីនធឺណិត ហើយបន្តទទួលបានសញ្ញាប័ត្របណ្ឌិតផ្នែកសេដ្ឋកិច្ច ក្នុងឆ្នាំ២០០៦ ។
រាប់ចាប់តាំងពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០០០ លោក Belousov បានចំណាយពេលផ្តោតលើការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ហើយបានកាន់មុខតំណែងផ្សេងៗជាច្រើន នៅក្នុងស្ថាប័នស្រាវជ្រាវរបស់រដ្ឋ។ ក្នុងឆ្នាំ២០០០ លោកបានក្លាយជានាយកទូទៅនៃមជ្ឈមណ្ឌលសម្រាប់ការវិភាគម៉ាក្រូសេដ្ឋកិច្ច និងការព្យាករ របស់រដ្ឋាភិបាលរុស្ស៊ី។
ក្នុងពេលដំណាលគ្នានោះ លោក Belousov ក៏បានបម្រើការជាទីប្រឹក្សាឯករាជ្យរបស់ប្រមុខរដ្ឋាភិបាលរុស្ស៊ីផងដែរ និងបានសហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រលើកម្មវិធីអភិវឌ្ឍរបស់រុស្ស៊ីរហូតដល់ឆ្នាំ ២០១០។
ក្នុងចន្លោះឆ្នាំ២០០៦ ដល់ឆ្នាំ២០០៨ លោក Belousov ក៏ត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ បន្ទាប់មកបានចូលទៅដឹកនាំនាយកដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងខុទ្ទកាល័យលោក Dmitry Medvedev ដែលបានបម្រើការជាប្រធានាធិបតី ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២។
ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥ លោក Belousov បានបន្តធ្វើការនៅរដ្ឋបាលប្រធានាធិបតីក្នុងនាមជាទីប្រឹក្សាផ្ទាល់របស់លោក ពូទីន សម្រាប់បញ្ហាសេដ្ឋកិច្ច រហូតដល់ឆ្នាំ២០២០ លោកត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីទី១។
ជម្រាបជូនផងដែរថា ជុំវិញការប្រកាសឲ្យឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ លោក Belousov ក្នុងពេលថ្មីៗនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការដែលយកមន្ត្រីគ្មានបទពិសោធសោះក្នុងវិស័យយោធា ឲ្យឡើងកាន់តំណែងនេះ គឺដោយសារតែតម្រូវការចាំបាច់ក្នុងការធ្វើកំណែទម្រង់ ហើយវាអាចជួយសម្រួលដល់ការធ្វើសមាហរណកម្មនៃវិស័យការពារជាតិ និងស៊ីវិលដែលជាផ្នែកមួយនៃសេដ្ឋកិច្ចរុស្ស៊ី ផងដែរ៕