លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ដើម្បីសម្រេចចក្ខុវិស័យឆ្នាំ២០៥០ ប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់ គឺអាស្រ័យលើកម្ពុជាត្រូវការពង្រឹងធនធានមនុស្ស ក៏ដូចជាពង្រីកការវិនិយោគផ្ទាល់ពីបរទេសលើគ្រប់វិស័យឱ្យកាន់តែខ្លាំងថែមទៀត។
លោកថ្លែងដូច្នេះ នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Ping M. Kitnikone ឯកអគ្គរដ្ឋទូតនៃប្រទេសកាណាដាប្រចាំកម្ពុជា កាលថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤។
នាឱកាសនោះ លោកស្រីឯកអគ្គរដ្ឋទូតកាណាដា បានបង្ហាញសុទិដ្ឋិនិយមចំពោះសុខសន្តិភាព ស្ថេរភាព និងភាពរីកចម្រើនរបស់កម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ កាណាដា-កម្ពុជា ពិសេសលើវិស័យពាណិជ្ជកម្មដែលមានភាពសកម្ម និងការវិនិយោគល្អ ជាឧទាហរណ៍ជាក់ស្ដែងដូចជាធនាគារ ABA របស់ប្រទេសកាណាដាជាដើម។
បន្ថែមពីនេះ លោកស្រី ក៏បានលើកឡើងអំពីការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបន្តរក្សាបានកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ជំរុញពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាតភ្ជាប់ទៅក្នុងក្របខណ្ឌតំបន់ ដូចជាការរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដាជាដើម។
ឆ្លើយតបលើការលើកឡើងនេះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់ប្រទេសកាណាដាដែលបានរួមចំណែកជួយដល់កម្ពុជា ក្នុងការកសាងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមនាពេលកន្លងមក ពិសេសកិច្ចសហប្រតិបត្តិការលើការជំរុញការវិនិយោគ និងពាណិជ្ជកម្ម។
បន្ថែមពីនេះ លោកថា៖«ចក្ខុវិស័យឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា គឺប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់ ដោយចំណុចសំខាន់ៗដែលអាចឱ្យចក្ខុវិស័យនេះអាចសម្រេចទៅបាន អាស្រ័យលើកម្ពុជាត្រូវពង្រឹងធនធានមនុស្ស ក៏ដូចជាពង្រីកការវិនិយោគផ្ទាល់ពីបរទេសលើគ្រប់វិស័យ ពិសេសលើវិស័យឧស្សាហកម្ម ដូចជាយានយន្ត គ្រឿងអេឡិកត្រូនិក គ្រឿងបង្គុំ និងការកែច្នៃម្ហូបអាហារជាដើម ដើម្បីធ្វើពិពិធកម្មឧស្សាហកម្ម ពង្រឹងសមត្ថភាពជំនាញ ព្រមទាំងបង្កើតតម្លៃបន្ថែមសម្រាប់ប្រជាពលរដ្ឋ»។
បន្ថែមពីនេះ លោកថា ដើម្បីសម្រេចចក្ខុវិស័យខាងលើនេះ រដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុងអនុវត្តផែនការជាច្រើនលើគ្រប់វិស័យ រួមទាំងការរៀបចំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនចំនួន ១,៥លាននាក់ជាដើម និងសម្រាប់ក្របខណ្ឌក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កិច្ចការងារគោះទ្វារវិនិយោគ និងការទាក់ទាញក្រុមហ៊ុនដែលមានសក្ដានុពលក្នុងប្រទេសនានាលើសកលលោក គឺជាបេសកកម្មសំខាន់ដែលស្ថាប័នបាននិងកំពុងអនុវត្តផងដែរ។
សូមបញ្ជាក់ដែរថា រយៈពេល៤ខែ ឆ្នាំ២០២៤ ពោលគឺចាប់ពីខែមករា ដល់មេសា ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានអនុម័តគម្រោងសរុបបានចំនួន១២៨ គម្រោង ក្នុងទំហំទុនវិនិយោគសរុបមាន១.៩ពាន់លានដុល្លារអាមេរិក ចំនួននេះកើនឡើង ៩៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ដោយឡែក ក្នុងរយៈពេល៨ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងសរុបបានចំនួន២៣២ ដែលមានទំហំទុនវិនិយោគសរុបមានជាង៥ពាន់លានដុល្លារអាមេរិក៕ អត្ថបទ៖ រង្សី