អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ ឧបត្ថម្ភម៉ាស៊ីនភ្លើងតម្លៃជាង ៥ម៉ឺនដុល្លារអាមេរិក និងសម្ភារៈមួយចំនួនទៀត ជូនមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ ប្រធានមូលនិធិ អុឹង ហ្វោនដេហ្ស៊ិន (ING Foundation) និងលោកជំទាវ ហេង សុខា និងក្រុមគ្រួសារ កាល​ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បានប្រគល់នូវម៉ាស៊ីន​ភ្លើងកម្លាំង 280 KVA ម៉ាក AJ-Power មានតម្លៃជាង៥ម៉ឺនដុល្លារអាមេរិក និងរទេះរុញចំនួន២០គ្រឿង ជូនមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីប្រគល់ទទួលនេះ ធ្វើឡើង​ក្រោមអធិបតីភាពរបស់លោក​ យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង, លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និងករុណាសីលវិសុទ្ធិ អគ្គមហាឧបាសិកា​ពុទ្ធសាស​នូបត្ថម្ភក៍ ចាយ គង់, អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា និងក្រុមគ្រួសារ ព្រមទាំងលោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត លោកគ្រូ អ្នកគ្រូពេទ្យ និងប្រជាពលរដ្ឋ សរុបប្រមាណ ១៥០នាក់។

អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ ប្រធានមូលនិធិ អុឹង ហ្វោនដេហ្ស៊ិន បានបញ្ជាក់ថា ដោយឃើញពីកង្វះខាត និងភាព​ចាំបាច់នៃការប្រើប្រាស់អគ្គីសនី នៅពេលមានការរអាក់រអួលផ្គត់ផ្គង់អគ្គីសនីពីខេត្ត ជាពិសេសនៅអំឡុងពេល​វះកាត់​អ្នកជំងឺ ហើយ​លោកធ្លាប់បានដឹងថា​ក្រុមគ្រូពេទ្យបានប្រើប្រាស់ពិលទូរស័ព្ទដើម្បីវះកាត់អ្នកជំងឺ ដោយសារ​អគ្គីសនី​មិនដំណើរការ ម៉ាស៊ីនភ្លើងក៏ខូច ដូចនេះលោកក៏សម្រេចឧបត្ថម្ភម៉ាស៊ីនភ្លើងកម្លាំង 280 KVA ជូនមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដើម្បីបន្ថែមកម្លាំងប្រើប្រាស់ប្រចាំ រួមនិងថវិកា៨លានរៀលផងដែរ ជាមួយនេះ​ក៏បាន​ឧបត្ថម្ភថវិកាជូនអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលសរុបប្រមាណ ២០០នាក់ ក្នុង១នាក់ ៤ម៉ឺនរៀល។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានសម្ដែងនូវការសាទរចំពោះការ​ទទួល​បាន​សម្ភារៈថ្មី ដើម្បីគាំទ្រដំណើរការសេវាព្យាបាល​និងសង្រ្គោះអ្នកជំងឺដែលត្រូវការចាំបាច់​នៅពេលចរន្ត​អគ្គីសនី​ដាច់។ លោកបានបន្ថែមថា ករុណាសីលវិសុទ្ធិ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ចាយ គង់ និងអ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងក្រុមគ្រួសារ បានជួយសាងសង់អគារនៅមន្ទីរពេទ្យនេះមុនគេ កាលពីឆ្នាំ ១៩៩៨ និងអគារ​ជាច្រើនទៀត និងថ្មីៗនេះមន្ទីរពេទ្យក៏បានទទួលម៉ាស៊ីនលាងឈាម ដែលបានជួយសង្គ្រោះជីវិត​អ្នកជំងឺជាច្រើន​ផងដែរ។

លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានពាំនាំនូវការថ្លែងកោតសរសើរអស់ពីដួងចិត្ត​ពីសំណាក់​លោក​អភិបាលខេត្ត ជូនចំពោះអ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ ប្រធានមូលនិធិ អុឹង ហ្វោនដេហ្ស៊ិន និងក្រុមគ្រួសារ ជាពិសេស​ករុណាសីលវិសុទ្ធិ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ចាយ គង់ និងរំលឹកគុណូបការៈរបស់ មហាសប្បុរសមង្គលសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន កាលពីលោកនៅមានព្រះជន្ម តែងយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រស្ទើរគ្រប់វិស័យនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង និងខេត្តដទៃទៀត ដែលយើង​ទាំងអស់គ្នាបានឃើញជាបន្តបន្ទាប់ ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។ លោក បាន​លើក​ឡើងថា ដើម្បីតបស្នងនៅសទ្ធារបស់ក្រុមគ្រួសារអ្នកឧកញ៉ា សូមវេជ្ជបណ្ឌិត លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ មេត្តាជួយព្យាបាលនិងសង្គ្រោះជីវិតប្រជាពលរដ្ឋ ប្រកបដោយ គុណធម៌ និងក្រមសីលធម៌។

សូមបញ្ជាក់ផងដែរថា អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានឧបត្ថម្ភជូនមន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​ជាបន្តបន្ទាប់ សរុបជាថវិការប្រមាណ ៣៥ម៉ឺនរអាមេរិក ចាប់តាំងពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៤ ដោយមានការសាងសង់អគារសង្គ្រោះបន្ទាន់ និងសម្ភារៈបរិក្ខា ថ្នាំពេទ្យ សាងសង់អគារសម្ភព តបណ្តាញទឹក ចាក់ដី ក្រួសក្រហមក្នុងបរិវេណមន្ទីរពេទ្យខេត្ត ជាពិសេសម៉ាស៊ីនលាងឈាមចំនួន ០២គ្រឿង ម៉ាស៊ីនអេកូ​ចំនួន​០១គ្រឿង ម៉ាស៊ីនបន្សុតទឹកចំនួន០១គ្រឿង និងជួសជុលអគារផ្នែកលាងឈាមកាលពីខែមីនា ឆ្នាំ២០២៣៕