សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងគណៈប្រតិភូកម្ពុជា បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េខាងត្បូងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែឧសភា ឆ្នាំ២០២៤។
យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ធ្វើឡើងតបតាមការអញ្ជើញរបស់លោក យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង និងដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង។
អញ្ជើញអមដំណើរសម្ដេចធិបតី និងលោកជំទាវបណ្ឌិត រួមមាន៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។
ក្នុងទស្សនកិច្ចជាលើកដំបូងលើទឹកដីកូរ៉េខាងត្បូងក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងមានជំនួបទ្វេភាគីជាមួយលោកប្រធានាធិបតី យូន សកយ៉ល។ ក្នុងជំនួបនេះ នឹងពិភាក្សាស៊ីជម្រៅលើភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការ ពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ឱ្យឈានទៅកម្រិតថ្មី។ ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនពាក់ព័ន្ធការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក ហាន់ ដុកស៊ូ (Han Duck-soo) និងប្រធានរដ្ឋសភា លោក គីម ជីនណូ (Kim Jin-pyo)។
សម្តេចធិបតី ក៏នឹងអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ និងជួបជាមួយក្រុមហ៊ុនកូរ៉េសំខាន់ៗមួយចំនួន។ ឆ្លៀតក្នុងដំណើរទស្សនកិច្ចនេះ សម្តេចធិបតី ក៏នឹងជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរកំពុងរស់នៅសិក្សារៀនសូត្រ និងធ្វើការនៅកូរ៉េខាងត្បូងផងដែរ។
សូមបញ្ជាក់ថា កម្ពុជា និងកូរ៉េខាងត្បូង ត្រូវបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧។ បន្ទាប់ពីបានបង្កើតចំណងការទូតរវាងកម្ពុជា និងកូរ៉េខាងត្បូង ឃើញថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានពង្រឹងពង្រីក និងលើកកម្ពស់ឱ្យកាន់តែរឹងមាំ និងមានភាពល្អប្រសើរជាបន្តបន្ទាប់៕ អត្ថបទ៖ រង្សី