គិតមកដល់ពេលនេះ ទំនាក់ទំនងការទូត បានប្រមាណ២៧ឆ្នាំមកហើយ ខណៈតាមរយៈទំនាក់ទំនងល្អប្រសើរនេះ ប្រទេសទាំងពីរក៏បានពង្រីកការធ្វើពាណិជ្ជកម្ម និងវិនិយោគជាមួយគ្នាក្នុងកំណើនគួរឱ្យកត់សម្គាល់។ ជាក់ស្តែង បើគិតត្រឹមរយៈពេល៣ខែដើមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង សម្រេចបានជិត ២០០លានដុល្លារ។
យោងតាមការរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅឆ្នាំ២០២៣ មានទំហំថវិកាសរុបប្រមាណ ៧៥១លានដុល្លារ។ ជាងនេះទៀត បើគិតត្រឹមរយៈពេល៣ខែឆ្នាំ២០២៤ សម្រេចបានជិត ២០០លានដុល្លារអាមេរិក។
របាយការណ៍ដដែលបានបន្តថា ទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅកូរ៉េក្នុងឆ្នាំ២០២៣ រួមមាន ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ស្បែកជើង សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ អាលុយមីញ៉ូម ម៉ាស៊ីន និងបរិធានមេកានិក វត្ថុធ្វើអំពីស្បែក ប្រដាប់ប្រដាក្មេងលេង វត្ថុចាំបាច់សម្រាប់កីឡា ផលិតផលឱសថ ប្លាស្ទិក ក្រដាសនិងក្រដាសកាតុង កៅស៊ូ ផ្លែឈើ និងគ្រាប់ផ្លែឈើដែលអាចបរិភោគបាន ជាដើម។
ចំណែកឯ ទំនិញសំខាន់ៗដែលកម្ពុជានាំចូលពីកូរ៉េ ក្នុងឆ្នាំ២០២៣ រួមមាន យានជំនិះ ម៉ាស៊ីន ឧបករណ៍អគ្គិសនី ភេសជ្ជៈ ស្រា និងទឹកខ្មេះ ស្បែកឆៅ (ក្រៅពីស្បែកជាប់រោម) ស្បែកសម្លាប់ ប្លាស្ទិក ផលិតផលឱសថ វត្ថុវាយនភណ្ឌកែច្នៃរួចផ្សេងទៀត កៅស៊ូ ម៉ាស៊ីន និងបរិធានមេកានិកជាដើម។
កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ កម្ពុជា និងកូរ៉េខាងត្បូង បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ជំរុញឱ្យការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទំហំកាន់តែធំឡើង។
ដោយឡែកការវិនិយោគវិញ ចាប់ពីឆ្នាំ១៩៩៤ ដល់ដើមឆ្នាំ២០២៤នេះ ទុនវិនិយោគមកពីកូរ៉េខាងត្បូង មានទំហំជាង ៥ពាន់លានដុល្លារអាមេរិក។
គួរបញ្ជាក់ដែរថា ក្នុងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងគណៈប្រតិភូកម្ពុជា បានចេញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េខាងត្បូងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែឧសភា ឆ្នាំ២០២៤។
យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ធ្វើឡើងតបតាមការអញ្ជើញរបស់លោក យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង ហើយដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូងផងដែរ៕ អត្ថបទ៖ រង្សី