ភរិយាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ត្រូវបានប្តឹងពីបទប្រើប្រាស់លុយមូលនិធិទៅទិញវត្ថុប្រណីតៗតម្លៃសរុប ៣៤៦លានដុល្លារ

អន្តរជាតិ

មូលនិធិ 1Malaysia Development Berhad (1MDB) រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន១០ ផ្សេងទៀត បានធ្វើការប្តឹងទៅលើភរិយារបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak គឺលោកស្រី Rosmah Mansor ពីបទប្រើប្រាស់លុយមូលនិធិទៅទិញវត្ថុប្រណីតៗសរុបតម្លៃដល់ទៅ ៣៤៦លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងបណ្តឹងរដ្ឋប្បវេណីដែលបានប្តឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដើមបណ្តឹងបានចោទប្រកាន់លោកស្រី Rosmah ព្រមទាំងអ្នករចនាម៉ូដជនជាតិសិង្ហបុរីម្នាក់ទៀតគឺលោកស្រី Shabnam Naraindas Daswani ពីបទប្រើប្រាស់លុយមូលនិធិទៅទិញទំនិញដ៏ខ្ជះខ្ជាយ រួមមានទាំងគ្រឿងអលង្ការ នាឡិកា និងកាបូបថ្លៃៗជាច្រើន។

ជាមួយគ្នា បើយោងតាមឯកសាររបស់តុលាការបានបង្ហាញថា ក្រុមហ៊ុនកំពុងស្នើសុំឲ្យលោកស្រី Rosmah បោះបង់នូវទំនិញប្រណីតទាំងនោះ រួចបង់ប្រាក់ចំនួន ៣៤៦លានដុល្លារ ឬក៏ជាចំនួនទឹកប្រាក់ដែលត្រូវបានកំណត់ដោយតុលាការ សងមកកាន់ក្រុមហ៊ុនវិញ។

គួរបញ្ជាក់ដែរថា កាលពីក្នុងខែកញ្ញា ឆ្នាំ២០២២ លោកស្រី Rosmah ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ ព្រមទាំងពិន័យជាទឹកប្រាក់ប្រមាណ ២០៥,២លានដុល្លារ ពីបទប្រព្រឹត្តអំពើពុករលួយ ខណៈអតីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak ដែលត្រូវជាស្វាមីរបស់លោកស្រី ក៏កំពុងជាប់ពន្ធនាគារ ពីបទប្រព្រឹត្តអំពើពុករលួយដូចគ្នា៕