រដ្ឋាភិបាល សម្រេចតែងតាំងសមាសភាពគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដើម្បីធានាដល់សុខភាព និងសុវត្ថិភាពសង្គម

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចតែងតាំងសមាសភាពគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដើម្បីធានាដល់សុខភាព និងសុវត្ថិភាពសង្គម។ នេះបើយោងតាមសេចក្តីសម្រេច ដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្សាយចេញនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសេចក្តីសម្រេចខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការការតែងតាំងសមាសភាពគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ដោយមានរាយនាមមន្រ្តីដូចខាងក្រោម៖

១-លោក នៅ លក្ខណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។
២-លោក ស ថេត អគ្គស្នងការនគរបាលជាតិ អនុប្រធានអចិន្ត្រៃយ៍ , អនុប្រធានចំនួន ៣រូប សមាជិកចំនួន ១០រូប ។


សមាសភាពនៃគណៈកម្មាការខាងលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺត្រូវតែអនុវត្តភារកិច្ចដូចមានចែងក្នុងសេចក្តីសម្រេចលេខ ៣៥ សសរ ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបង្កើតគណៈកម្មការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម។

ជាងនេះទៀត សម្តេចធិបតី ក៏បានបញ្ជាក់ទៀតថា ចំពោះរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ អត្ថបទ៖ ពិសី