អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច អុិនវេសមេនគ្រុប និងអ្នកឧកញ៉ា គឹម ឡេង កាលពីដើមសប្តាហ៍កន្លងទៅនេះ បានដឹកនាំថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន សូគីម៉ិច អុិនវេសមេនគ្រុប ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ក្នុងគោលបំណងកៀរគរអ្នកវិនិយោគជប៉ុន ឱ្យមកវិនិយោគលើភ្នំបូកគោ។
ការអញ្ជើញទៅដល់របស់ អ្នកឧកញ៉ា សុខ គង់ និងថ្នាក់ដឹកនាំក្រុមហ៊ុន ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់គណៈគ្រប់គ្រង និងអភិបាលក្រុង ព្រមទាំងពាណិជ្ជករ នៃទីក្រុង Asakuchi នៃប្រទេសជប៉ុន ដោយបានពិភាក្សាអំពីអាជីវកម្ម និងសក្តានុពលក្នុងការវិនិយោគ នៅលើភ្នំបូកគោ ខេត្តកំពត ព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនវិនិយោគសូគីម៉ិច គ្រុប ក៏បានប្រគល់នូវប័ណ្ណដែលតំណាងឱ្យព្រះពុទ្ធប្បដិមាអង្គតូចមានឆ្លាក់ឈ្មោះលោកអភិបាលក្រុង ដើម្បីជាវត្ថុអនុស្សាវរីយ៍។
តាមការបង្ហាញឱ្យដឹងពីក្រុមហ៊ុន សុខាអចលនទ្រព្យ ក្នុងឱកាសនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុននេះ អ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា គឹម ឡេង ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន សូគីមុិច អុិនវេសមេនគ្រុប ក៏បានអញ្ជើញទស្សនាដំណើរការនៃការធ្វើមី udon ដោយដៃដែលជាអាហារដ៏ពេញនិយមមួយនៅក្នុងប្រទេសជប៉ុន។
បន្ថែមពីនេះ អ្នកឧកញ៉ា សុខ គង់ ត្រូវបានស្ថានីយទូរទស្សន៍ជប៉ុន ធ្វើបទសម្ភាសន៍ទាក់ទងនឹងផែនការវិនិយោគរបស់ក្រុមហ៊ុន សូគីម៉ិច អុិនវេសមេន គ្រុប សម្រាប់ការអភិវឌ្ឍន៍ក្រុងបូកគោ។ បន្ទាប់មក អ្នកឧកញ៉ា និងថ្នាក់ដឹកនាំក្រុមហ៊ុន បានអញ្ជើញទស្សនារោងចក្រ ផលិតស្រា saké និងបានភ្លក់ស្រា saké របស់ជប៉ុន, បានអញ្ជើញទស្សនាកន្លែងសិក្សាស្រាវជ្រាវភពផែនដី ដ៏ល្បីល្បាញរបស់ទីក្រុង Asakuchi និងធំបំផុតក្នុងតំបន់អាសុី ព្រមទាំងការទទួលទានអាហារពេលល្ងាច ដែលរៀបចំដោយគណៈគ្រប់គ្រង និងអភិបាលក្រុង Asakuchi ផងដែរ។
សូមជម្រាបថា ភ្នំបូកគោ ស្ថិតនៅក្រុងបូកគោ ខេត្តកំពត ដែលក្រុមហ៊ុនរបស់ អ្នកឧកញ៉ា សុខ គង់ ទទួលបានសិទ្ធិវិនិយោគរយៈពេលវែងពីរាជរដ្ឋាភិបាល បច្ចុប្បន្នកំពុងដំណើរការអភិវឌ្ឍយ៉ាងសកម្មទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ផ្លូវថ្នល់ ដូចជា ផ្លូវតភ្ជាប់ពីភ្នំបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ រួមទាំងគម្រោងកសាងព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ ដែលគ្រោងចំណាយដល់ ៤០លានដុល្លារជាដើម៕