ក្នុងឱកាសអមដំណើរសម្ដេចបតីបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនកូរ៉េចំនួន០៩ នៅទីក្រុងសេអ៊ូល កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។
ការទទួលជួបពិភាក្សានេះ គឺដើម្បីបន្តទាក់ទាញ និងផ្សារភ្ជាប់វិនិយោគិនរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េឱ្យបានកាន់តែល្អប្រសើរឡើងមួយកម្រិតបន្ថែមទៀត ក៏ដូចជាដើម្បីជំរុញការវិនិយោគបន្ថែមទៀតនៅកម្ពុជា។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុនទាំង៩ ដែលលោក ស៊ុន ចាន់ថុល ទទួលជួបនាឱកាសនេះរួមមាន ក្រុមហ៊ុន Mastern Partners Corporation, ក្រុមហ៊ុន Daewoo E&C, ក្រុមហ៊ុន WorldBridge, ក្រុមហ៊ុន LG Electronics, ក្រុមហ៊ុន Emart, ក្រុមហ៊ុន LX International, ក្រុមហ៊ុន Hanshin Engineering Construction, ក្រុមហ៊ុន Camko Motor & Camko Infracore, និងក្រុមហ៊ុនសារព័ត៌មាន Maekyung Media News ផងដែរ។
ថ្លែងក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្រ្តី បានបង្ហាញអំពីគោលបំណងយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្ថែមការយកចិត្តទុកដាក់ បន្តទាក់ទាញ និងផ្សារភ្ជាប់វិនិយោគិនរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េឱ្យបានកាន់តែល្អប្រសើរឡើងមួយកម្រិតបន្ថែមទៀត។ បន្ថែមពីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីបរិយាកាសវិនិយោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក្រោមកិច្ចសម្របសម្រួលវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលមានច្រកចេញចូលតែមួយ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់ស្ថាប័នក្នុងការគាំទ្រវិនិយោគិន។
លើសពីនេះ លោកក៏បានបង្ហាញបន្ថែមអំពីសក្ដានុពលនានារបស់កម្ពុជា រាប់ចេញពីភាពបើកចំហរនៃច្បាប់វិនិយោគរបស់កម្ពុជា ដែលអនុញ្ញាតឱ្យវិនិយោគិនបរទេសមានសិទ្ធជាម្ចាស់ទាំងស្រុងលើមុខជំនួញដែលខ្លួនវិនិយោគនៅកម្ពុជា, ហេដ្ឋារចនាសម្ព័ន្ធតំបន់សេដ្ឋកិច្ចពិសេសដែលផ្ដល់ភាពងាយស្រួលដល់វិនិយោគិនក្នុងការវិនិយោគ, ពិសេសការយកចិត្តទុកដាក់របស់រដ្ឋាភិបាលលើការសម្របសម្រួលដោះស្រាយបញ្ហាដល់វិនិយោគិន តាមរយៈកម្មវិធីរាជរដ្ឋាភិបាល និងផ្នែកឯកជនជាដើម។
ទន្ទឹមនឹងនេះ កម្ពុជាបានដាក់ចេញផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ដែលបានបើកឱកាសឱ្យវិនិយោគិន អាចពិនិត្យលទ្ធភាពដាក់ទុនវិនិយោគលើគម្រោងចំនួនប្រមាណ ១៧៤គម្រោង លើវិស័យហេដ្ឋារចនាសម្ព័ន្ធនិងភស្ដុភារកម្ម៕