នាយករដ្ឋមន្រ្តីសាធារណរដ្ឋកូរ៉េ លោក ហាន់ ដុកស៊ូ (Han Duck-soo) បានលើកឡើងថា ប្រទេសកម្ពុជាគឺជាទិសដៅនៃការវិនិយោគ និងជាទីផ្សារដ៏មានសក្ដានុពលសម្រាប់វិស័យឧស្សាហកម្មកូរ៉េ ជាពិសេសឧស្សាហកម្មយានយន្ត ខណៈលោកក៏បានសម្តែងនូវការគាំទ្រ និងពេញចិត្តចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុនកូរ៉េផងដែរ។
ការលើកឡើងបែបនេះរបស់លោកនាយករដ្ឋមន្រ្តីកូរ៉េ នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នាទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ក្នុងជំនួបនោះ លោក ហាន់ ដុកស៊ូ បានរំលេចអំពីការឯកភាពដំឡើងនូវកម្រិតទំនាក់ទំនងកូរ៉េ-កម្ពុជាឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្ត” ដែលនេះនឹងចូលរួមចំណែកក្នុងការពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានារវាងប្រទេសទាំងពីរ។
លោក បានគូសបញ្ជាក់ថា «កម្ពុជាគឺជាទិសដៅនៃការវិនិយោគ និងជាទីផ្សារដ៏មានសក្ដានុពលសម្រាប់វិស័យឧស្សាហកម្មកូរ៉េ ជាពិសេសឧស្សាហកម្មយានយន្ត ហើយលោកក៏បានសម្តែងនូវការគាំទ្រ និងពេញចិត្តចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុនកូរ៉េ និងការជំរុញឱ្យមានយន្តការនៃការជួបពិគ្រោះយោបល់ជាទៀងទាត់រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា និងបានបង្ហាញនូវក្តីរីករាយក្នុងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការបន្ថែម តាមរយៈហិរញ្ញប្បទានឥតសំណង របស់ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ (KOICA) និងឥណទានសម្បទានតាមរយៈមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF Loan)»។
ជាមួយគ្នានោះ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ ដែលបានឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្ត” ដែលជាទំនាក់ទំនងដ៏ល្អប្រសើរ។ សម្តេចធិបតីបានកោតសរសើរចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់រដ្ឋាភិបាលកូរ៉េ ក្នុងការកសាង និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។
សម្ដេចធិបតី ក៏បានលើកឡើងអំពីលទ្ធផលដ៏ប្រសើរ នៃកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាជាមួយប្រធានាធិបតី យូន ស៊កយ៉ល ជាពិសេសអំពីការរំលេចនូវគំនិតផ្តួចផ្តើមស្តីអំពីការបង្កើតយន្តការពិគ្រោះយោបល់ទៀងទាត់ (Regular Consultation Sessions) រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែក្រុមហ៊ុនវិនិយោគកូរ៉េ។
ទន្ទឹមនោះ សម្តេចធិបតីបានលើកឡើងថា វិស័យឯកជនមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ដោយការពង្រឹងតួនាទីរបស់វិស័យឯកជននឹងធ្វើឱ្យការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត៕