ការសិក្សាមួយបានបង្ហាញថា តំបន់ Time Square ដែលជាមជ្ឈមណ្ឌលទេសចរណ៍ និងជាផ្លូវប្រសព្វពាណិជ្ជកម្ម សម្បូរទៅដោយហាង និងភោជនីដ្ឋានប្រណីតៗតាមដងផ្លូវក្នុងទីក្រុងញូវយ៉កនោះ ត្រូវបានគេវាយតម្លៃថាជាកន្លែងទាក់ទាញទេសចរណ៍ដ៏កំពូលបំផុតរបស់ពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។
តំបន់ Time Square ជាកន្លែងមួយដែលត្រូវបានបំភ្លឺដោយផ្ទាំងប៉ាណូឌីជីថល ផ្សព្វផ្សាយពាណិជ្ជកម្មស្កេះស្កះតាមដងផ្លូវ រួមជាមួយនឹងហាងអាជីវកម្ម ដែលផ្តល់សេវាកម្មទាំងយប់ទាំងថ្ងៃ ហើយនៅអំឡុងថ្ងៃណាមមាញឹកវិញ អ្នកថ្មើរជើងប្រមាណជាង ៤៦០ ០០០នាក់ត្រូវបានគេដឹងថាបានដើរឆ្លងកាត់តាមដងផ្លូវដ៏ចញ្ចាំងចញ្ចាចនេះ។
គួរបញ្ជាក់ថា ក្រៅពីតំបន់ Time Square, តំបន់ Checkpoint Charlie នៅប្រទេសអាឡឺម៉ង់វិញ បានជាប់ចំណាត់លេខពីរជាកន្លែងទាក់ទាញបំផុតរបស់ពិភពលោក ហើយបន្ទាប់មកមាន ទួរអេហ្វហ្វែល (Tour Eiffel) នៅប្រទេសបារាំង និង The Little Mermaid នៅឯប្រទេសដាណឺម៉ាក៕