ក្រុមហ៊ុន SK Securities ដែលជាក្រុមហ៊ុនមួយរបស់កូរ៉េ បានសំឡឹងឃើញ និងបង្ហាញបំណងបណ្តាក់ទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា។នេះបើតាមរយៈជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក JEON Woo Jong នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន SK Securities នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។
ក្នុងឱកាសនៃជំនួបនោះ លោក JEON Woo Jong បានជម្រាបជូនសម្ដេចធិបតី អំពីវឌ្ឍនភាពនៃអាជីវកមុ្មរបស់ក្រុមហ៊ុន SK Securities ដែលកំពុងមានប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ និងធនាគារ ផ្នែកមូលនិធិអាកាសធាតុបៃតង និងមូលនិធិការកសាងគម្រោងផ្សេងៗទៀត។
លោកបានបន្តថា លោកមានចំណាប់អារម្មណ៍លើការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជាផងដែរ ខណៈលោកមានភាពជឿជាក់លើបរិយាកាសវិនិយោគនៅកម្ពុជាដែលប្រកបដោយភាពកក់ក្ដៅ និងមានទំនុកចិត្តខ្ពស់។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ ចំពោះក្រុមហ៊ុន SK Securities ដែលបានបង្ហាញពីបំណងក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ទន្ទឹមនោះ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនវិនិយោគឯកជនរបស់កូរ៉េនៅកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។
ពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា សម្ដេចធិបតីបានគូសបញ្ជាក់ផងដែរថា ទោះបីជាទីផ្សាររបស់កម្ពុជានៅមានទំហំតូច ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញ និងធ្វើទំនើបកម្មផ្នែកហិរញ្ញវត្ថុ និងធនាគារនេះ ហើយសម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ការគាំទ្រ និងសម្របសម្រួលដល់ក្រុមហ៊ុនដែលមានបំណងវិនិយោគលើវិស័យនេះ។
ជាមួយគ្នានោះ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន SK Securities ពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសនៅក្នុងកិច្ចសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធលើវិស័យសក្ដានុពលនានាក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕