តម្លៃអង្ករនាំចេញរបស់ប្រទេសថៃ បានកើនឡើងដល់កម្រិតខ្ពស់បំផុត រយ:ពេល ៣ខែជាប់ៗគ្នា ដោយសារតែការផ្គត់ផ្គង់តិចតួច និងមានតម្រូវការខ្លាំង ខណ:ពេលដែលអត្រានៃការនាំចេញអង្កររបស់ប្រទេសឥណ្ឌាវិញ នៅស្ថិតក្នុងកម្រិតថេរ ដោយសារតែមិនសូវមានតម្រូវការខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។
សម្រាប់តម្លៃអង្ករប្រភេទបាក់ ៥% របស់ប្រទេសថៃ បានបន្តកើនឡើងថ្លៃរហូតដល់ ៦៣២ដុល្លារ ទៅ ៦៤០ដុល្លារ ក្នុងមួយតោន បើធៀបទៅនឹងតម្លៃ ៦០០ដុល្លារ កាលពីសប្តាហ៍មុន។
យ៉ាងណាមិញ បើតាមពាណិជ្ជករដែលលក់នៅទីក្រុងបាងកក បាននិយាយថា ការកើនឡើងតម្លៃនេះ គឺដោយសារតែការផ្គត់ផ្គង់ធ្លាក់ចុះ ជាពិសេសកំពុងមានតម្រូវការខ្លាំងពីសំណាក់ប្រទេសឥណ្ឌូណេស៊ី និងប្រទេសប្រេស៊ីលដែលរងគ្រោះដោយសារទឹកជំនន់។
ទន្ទឹមនឹងនេះ សម្រាប់ប្រភេទអង្ករបាក់ ៥% របស់ឥណ្ឌាវិញ ត្រូវបានដាក់លក់នៅក្នុងតម្លៃចន្លោះពី ៥៣១ដុល្លារ ទៅ ៥៣៩ដុល្លារ ក្នុងមួយតោន នៅសប្តាហ៍នេះដែលជាតម្លៃមិនប្រែប្រូលពីសប្តាហ៍មុននោះឡើយ។
ជាមួយគ្នានេះ ក្រុមហ៊ុននាំចេញដែលមានមូលដ្ឋាននៅរដ្ឋ Andhra Pradesh ភាគខាងត្បូងប្រទេសឥណ្ឌា បាននិយាយថា តម្លៃអង្កររបស់ឥណ្ឌាមានការប្រកួតប្រជែងជាងទីផ្សារផ្សេងទៀត ប៉ុន្តែចំពោះតម្រូវការវិញ ហាក់មិនមានការកើនឡើងទាល់តែសោះ។
ជម្រាបជូនផងដែរថា សម្រាប់អង្ករបាក់ ៥% របស់ប្រទេសវៀតណាមវិញ ត្រូវបានលក់ចេញក្នុងតម្លៃចន្លោះពី ៥៨៥ដុល្លារ ទៅ ៥៩០ដុល្លារក្នុងមួយតោន កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ពោលគឺកើនឡើងពីតម្លៃ ៥៨៥ដុល្លារ កាលពីសប្តាហ៍មុន៕