អ្នកឧកញ៉ា ឡេង ប្រុស ដឹកនាំគណៈប្រតិភូក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា គ្រុប (Galaxy Navatra Group) អញ្ជេីញទស្សនកិច្ចនៅសាកលវិទ្យាល័យ សាន់មួន (Sun Moon University) នៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុន Galaxy Navatra ធ្វើឡើងដើម្បីសិក្សាស្វែងយល់អំពីសាកលវិទ្យាល័យ Sun Moon និងកម្មវិធីសិក្សាផ្នែកបច្ចេកវិទ្យា ឌីជីថល (Digital) ព្រមទាំងបង្កើតកិច្ចសហការលើវិស័យអប់រំផ្នែកបច្ចេកវិទ្យាឌីជីថលរវាងភាគីទាំងពីរនាពេលអនាគត។
ក្នុងឱកាសនៃជំនួបនោះ អ្នកឧកញ៉ា ឡេង ប្រុស បានជម្រាបជូនគណៈប្រតិភូសាកលវិទ្យាល័យ Sun Moon អំពីក្រុមហ៊ុន Galaxy Navatra Group ដែលជាសាជីវកម្មដ៏ធំមួយវិនិយោគក្នុងពហុវិស័យនៅប្រទេសកម្ពុជា ដូចជា៖ វិស័យអចលនទ្រព្យ កម្សាន្ត ហិរញ្ញវត្ថុ កសិ-ឧស្សាហកម្ម កសិកម្ម អប់រំ និងប្រព័ន្ធផ្សាយជាដើម។
ជាមួយគ្នានេះ លោក Seong Jea Moon សកលវិទ្យាធិការនៃសាកលវិទ្យាល័យ Sun Moon បានសម្តែងនូវការរីករាយ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូក្រុមហ៊ុន Galaxy Navatra អញ្ជើញបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យ Sun Moon។ លោកក៏បានជម្រាបជូនគណៈប្រតិភូក្រុមហ៊ុន Galaxy Navatra អំពីសាកលវិទ្យាល័យ Sun Moon ដែលជាសាកលវិទ្យាល័យដ៏ធំមួយនៅប្រទេសកូរ៉េខាងត្បូងក្នុងការបណ្ដុះបណ្ដាលលើវិស័យបច្ចេកវិទ្យា Digital កម្រិតឈានមុខមួយដែលមានអគារសិក្សាលើផ្ទៃដី ៤០ហិកតា មាននិស្សិតសិក្សាជាង ២ម៉ឺននាក់ ក្នុងនោះនិស្សិតបរទេសជាង ៥ពាន់នាក់ ហើយក៏មាននិស្សិតកម្ពុជាផងដែរ។
ក្នុងឱកាសនៃជំនួបទ្វេភាគីនេះដែរ ភាគីទាំងពីរគ្រោងនឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរសិក្សាលើវិស័យបច្ចេកវិទ្យា Digital ខណៈភាគីសាកលវិទ្យាល័យSUN MOON ត្រៀមនឹងអញ្ជើញមកបំពេញទស្សនកិច្ចតបតាមការអញ្ជើញរបស់អ្នកឧកញ៉ាឡេង ប្រុសនៅប្រទេសកម្ពជានាពេលខាងមុខឆាប់ៗនេះផងដែរ៕