សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កំហុសអតីតកាល បានបង្រៀនយើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរ ឱ្យបានរឹងមាំ ខណៈសម្តេចថា អំពើប្រល័យពូជសាសន៍ គឺជា ចំណោទមួយបញ្ជាក់អំពីការឈឺចាប់របស់ប្រជាជនកម្ពុជា ហើយយើងទាំងអស់គ្នាត្រូវទប់ ស្កាត់ឱ្យខាងតែបាន កុំឱ្យអំពើនេះ ត្រឡប់មកកម្ពុជាម្តងទៀត។
សម្តេចធិបតី ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំហុសអតីតកាល បានប្រាប់យើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរ ឱ្យបានរឹងមាំ និង ជំរុញឱ្យយើងកសាងសង្គម ឱ្យកាន់តែប្រសើរ ប្រកបដោយបរិយាប័ន្ន សម្រាប់ទាំងអស់គ្នា។ នេះ គឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និង យុត្តិធម៌សង្គម ដើម្បីធានានូវបរិយាប័ន្នភាព នៅក្នុងប្រព័ន្ធគ្រប់គ្រង ក៏ដូចជាការអភិវឌ្ឍជាតិ។
បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងទៀតថា កម្ពុជា ត្រូវតែបន្តការពារខ្លួនប្រឆាំងការប្រឌិតដែលមានចេតនាអាក្រក់ ក្នុងគោលដៅបង្អួចកេរ្តិ៍ឈ្មោះរបស់កម្ពុជា និងប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយ ដែលចង់ធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងអន្ទាក់នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ហើយប្រែក្លាយកម្ពុជាឱ្យទៅជាសមរភូមិសង្គ្រាមត្រជាក់ថ្មី។
គួរបញ្ជាក់ដែរថា ដើម្បីចូលរួមរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិតក្នុងភ្នក់ភ្លើងសង្គ្រាមជិត ៣ទសវត្សរ៍ ដែលជាអំពើប្រល័យពូជសាស្រ្ត សម្តេចធិបតី ហ៊ុន ម៉ាណែត នៅលើបណ្តាញសង្គមនាថ្ងៃទី២០ ខែឧសភានេះ បានបង្ហោះសាររំលឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់រូបមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹតនេះផងដែរ៕