ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីអ៊ីរ៉ង់បានធ្លាក់ ក្រោយវិលត្រឡប់មកពីបំពេញទស្សនកិច្ចនៅព្រំដែន

អន្តរជាតិ

ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលដឹកប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi ព្រមទាំងរដ្ឋមន្ត្រីការបរទេស និងមន្ត្រីជាន់ខ្ពស់របស់គាត់ផ្សេងទៀត បានធ្លាក់កាលពីថ្ងៃអាទិត្យ ទី១៩ ខែឧសភា បន្ទាប់ពីឆ្លងកាត់ជ្រលងភ្នំដែលមានអ័ព្ទខ្មួលខ្មាញ់ពាសពេញផ្ទៃមេឃ ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងបន្តដុតដៃដុតជើងយ៉ាងសកម្ម តាមរកទីតាំងនៃឧប្បត្តិហេតុនោះ  ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មន្ត្រីអ៊ីរ៉ង់ម្នាក់បាននិយាយថា អាយុជីវិតរបស់លោកប្រមុខរដ្ឋ Raisi និងរដ្ឋមន្ត្រីការបរទេស Hossein Amirabdollahian កំពុងតែស្ថិតនៅក្នុងហានិភ័យ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ទាំងនេះ បានធ្វើដំណើរវិលត្រឡប់មកពីបំពេញទស្សនកិច្ចនៅព្រំដែនជាមួយប្រទេស Azerbaijan នាភាគពាយព្យនៃប្រទេសអ៊ីរ៉ង់។ លោកបានបន្តថា យើងនៅតែមានក្តីសង្ឃឹម ទោះបីព័ត៌មានដែលផ្សាយ មានការព្រួយបារម្ភខ្លាំងក៏ដោយ។

ជាមួយគ្នា បើតាមប្រមុខអឌ្ឍចន្ទក្រហមអ៊ីរ៉ង់លោក Pirhossein Koolivand បាននិយាយថា ឧទ្ធម្ភាគចក្រត្រូវបានរកឃើញហើយថានៅកន្លែងណា។ ឥឡូវ យើងកំពុងធ្វើដំណើរឆ្ពោះទៅកាន់កន្លែងឧបទ្ទវហេតុនោះ។

គួរជម្រាបដែរថា ឧទ្ធម្ភាគចក្រដែលលោក Raisi បានជិះមានឈ្មោះថា Bell 212 ផលិតដោយសហរដ្ឋអាមេរិក ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានបង្ហាញថា បញ្ហាអាកាសធាតុគឺជាកត្តាចម្បងនាំឲ្យមានការធ្លាក់យន្តហោះដូច្នេះ ហើយបញ្ហានេះក៏បានធ្វើឲ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងតាមរក និងជួយសង្គ្រោះផងដែរ៕