កាលពីថ្ងៃទី១៩ ខែឧសភា មហាសេដ្ឋីអាមេរិក Elon Musk និងរដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក Budi Gunadi Sadikin បានប្រកាសសម្ពោធ និងដាក់ឲ្យប្រើប្រាស់នូវសេវាកម្មអ៊ីនធឺណិត ដោយផ្កាយរណប Starlink របស់ក្រុមហ៊ុន SpaceX នៅប្រទេសឥណ្ឌូណេស៊ី។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា សេវាកម្មអ៊ីនធឺណិត របស់ក្រុមហ៊ុនមហាសេដ្ឋីអាមេរិករូបនេះ នឹងជួយដល់វិស័យសុខាភិបាលក្នុងប្រទេសឥណ្ឌូណេស៊ីបានច្រើន ជាពិសេសគឺនៅតាមតំបន់ដាច់ស្រយាលតែម្ដង។
បច្ចុប្បន្ននេះ សេវាកម្មអ៊ីនធឺណិត Starlink គឺត្រូវបានដាក់ឲ្យប្រើប្រាស់នៅមជ្ឈមណ្ឌលសុខភាពចំនួន ៣កន្លែងនៅប្រទេសឥណ្ឌូណេស៊ី ដោយក្នុងនោះមាន ២កន្លែងនៅដែនកោះបាលី និងមួយទៀតគឺនៅតំបន់ដាច់ស្រយាលនៃកោះ Aru ក្នុងខេត្ត Maluku។
សូមជម្រាបដែរថា សព្វថ្ងៃនេះ ក្រុមហ៊ុនអ៊ីនធឺណិត Starlink របស់មហាសេដ្ឋីអាមេរិក Elon Musk កំពុងមានប្រតិបត្តិការនៅក្នុងប្រទេសចំនួន ៣ ក្នុងតំបន់អាស៊ាន ពោលក្រៅពីឥណ្ឌូណេស៊ី Starlink ក៏ធ្លាប់បានចុះបញ្ជីពាណិជ្ជកម្មនៅប្រទេសហ្វីលីពីនកាលពីឆ្នាំ២០២២ និងនៅម៉ាឡេស៊ីកាលពីឆ្នាំទៅផងដែរ៕