លោកជំទាវ លី អាផណ ត្រូវជាកូនស្រីរបស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤២៤/៣៦៥ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។
លោកជំទាវ លី អាផណ ជាភរិយារបស់ អ្នកឧកញ៉ា សេង ញ៉ក់ អគ្គនាយកក្រុមហ៊ុន ដឹ ព្រេមៀ សេនធ័រ សែនសុខ និងក្រុមហ៊ុន ដឹ ព្រេមៀ លែន និងជាអ្នកតំណាងរាស្ដ្រ មណ្ឌលខេត្តកំពង់ស្ពឺ។ លោកជំទាវ ជាកូនស្រីរបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា, ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី, ប្រធានសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប។
គួរបញ្ជាក់ថា អ្នកឧកញ៉ា លី យ៉ុងផាត់ ឪពុករបស់លោកជំទាវ លី អាផណ ក៏ត្រូវបានព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ប្រោសព្រះរាជទានគោរមងារជា “លោកអ្នកឧកញ៉ា” កាលពីថ្ងៃ ទី១២ ខែមេសា ឆ្នាំ២០២៤ ព្រមទាំងបានទទួលកិត្តិយសពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយស សមាគមឧកញ៉ាកម្ពុជា ធ្វើការប្រគល់ព្រះរាជក្រឹត្យជូនដោយផ្ទាល់ដៃ កាលពីល្ងាចថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤៕