នាយករដ្ឋមន្ត្រីវៀតណាមចុះឈ្មោះបរិច្ចាគជាលិកា និងសរីរាង្គ ក្រោយពេលដែលលោកស្លាប់ទៅ

អន្តរជាតិ

កាលពីថ្ងៃទី១៩ ខែឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ព្រមទាំងមន្ត្រីរដ្ឋាភិបាលជាច្រើននាក់ បានចុះឈ្មោះចូលរួមបរិច្ចាគជាលិកា និងសរីរាង្គរបស់ខ្លួន បន្ទាប់ពីទទួលមរណភាព ហើយក៏បានអំពាវនាវឱ្យប្រជាជនស្ម័គ្រចិត្ត ចុះឈ្មោះចូលរួមជាអ្នកបរិច្ចាគសរីរាង្គផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មាន Tuoi Tre បានចុះផ្សាយថា ក្នុងពិធីអំពាវនាវឲ្យចុះឈ្មោះបរិច្ចាគជាលិកា និងសរីរាង្គនៅមន្ទីរពេទ្យសាកលវិទ្យាល័យ Viet Duc ក្នុងទីក្រុងហាណូយនោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា សរីរាង្គ និងជាលិកាគឺជាអំណោយដ៏មានតម្លៃវិសេសវិសាលបំផុត ដែលមនុស្សអាចផ្តល់ដល់អ្នកដទៃបាន ហើយអំណោយបែបនេះបានជួយសង្គ្រោះមនុស្សរាប់ពាន់នាក់។

លើសពីនោះ លោក Chinh ក៏បានបង្ហាញការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះអ្នកបរិច្ចាគសរីរាង្គ និងជាលិកា និងក្រុមគ្រួសាររបស់ពួកគេដែលបានផ្តល់ជីវិតដល់មនុស្សផ្សេងៗទៀត។ ម្យ៉ាងវិញទៀត លោកថាពិតជារីករាយណាស់ ដែលបានចូលរួមព្រឹត្តិការណ៍ដ៏មានអត្ថន័យ និងមនុស្សធម៌ ក្នុងឱកាសខួបលើកទី១៣៤ នៃថ្ងៃកំណើតលោក ហូជីមិញ។

សូមជម្រាបថា ចាប់តាំងពីការវះកាត់ប្តូរក្រលៀន ដោយជោគជ័យលើកដំបូងនៅវៀតណាមកាលពី ៣២ឆ្នាំមុនមក ប្រទេសមួយនេះបានក្លាយជាអ្នកជំនាញក្នុងការវះកាត់ប្តូរសរីរាង្គគ្រប់ប្រភេទ។ មិនត្រឹមតែប៉ុណ្ណោះ វៀតណាមក៏ជាប្រទេសនាំមុខគេនៅអាស៊ីអាគ្នេយ៍ផងដែរ លើការប្តូរសរីរាង្គមនុស្ស ជាមួយនឹងចំនួនវះកាត់ប្រចាំឆ្នាំជាងមួយពាន់លើកឯណោះ៕